បរទេស៖ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតនាទីទី ៩០ នាទីពីអតីតខ្សែប្រយុទ្ធ Barcelona កីឡាករ Luis Suarez បានជួយឲ្យក្រុមភ្ញៀវ Atletico Madrid រកឃើញ ជ័យជម្នះក្នុងលទ្ធផល ២ទល់និង១ នៅទឹកដីក្រុម Alaves ដើម្បីអោយពួកគេបានវិលត្រលប់ទៅឈរនៅទីកំពូលតារាង La Liga វិញ។
ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៣ ឆ្នាំដែលបានចូលរួមជាមួយ Atletico Madrid កាលពីខែកញ្ញា នៅតែរកគ្រាប់បាល់អោយក្រុមថ្មីរបស់ខ្លួនបានជារឿយៗ ពោលគឺរកបាន៩គ្រាប់ហើយ ក្រោយផ្ទេរមក កាន់ទឹកដី Wanda Metropolitano ។
ក្រុមដែលមានមូលដ្ឋាននៅរាជធានីអេស្បាញ Atletico Madrid ធ្លាប់ឈ្នះពាន La Liga ជាលើកចុងក្រោយក្នុងឆ្នាំ ២០១៤ ខណៈចាប់ផ្តើមឆ្នាំថ្មី ២០២១ ពួកគេបានឈរនៅកំពូលតារាងដោយមានគម្លាត២ពិន្ទុ(មាន២ប្រកួតក្នុងដៃ)ពីក្រុមការពារតំណែងជើងឯកReal Madrid ដែលបានផ្តួល Celta Vigo ក្នុងលទ្ធផល២ទល់និង០កាលពីថ្ងៃអាទិត្យដូចគ្នា៕