បរទេស៖ ក្រុម​ម្ចាស់​ការ​ពារ​​ជើង​​​​ឯក Juventus បាន​កត់ត្រា​ជ័យ​ជម្នះ​ទាំង​ត្រដាប​ត្រដួស​ក្នុង​លទ្ធ​ផល ៣-១ លើ​ក្រុម​នៅ​សល់​សមា​ជិក​ត្រឹមតែ​១០​នាក់ Sassuolo ដើម្បី​កាត់​បន្ថយ​គម្លាត​តាម​ពី​ក្រោយ​ក្រុម​កំពូល​តា​រាង​ទាំង​៣ ក្នុង​ក្រប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​អាទិត្យ​។

ក្រុម​របស់​លោក Andrea Pirlo បាន​ទទួល​ជ័យ​ជម្នះ​ជាលើក​ទី៣​ជាប់​ៗ​គ្នា​ជាលើក​ដំបូង នៅ​រដូវ​កាល​នេះ ដើម្បី​ឡើង​ឈរលេខ​៤ ដោយ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​នាំមុខ AC Milan ចំនួន​​ពិន្ទុ ខណៈ​ដែល​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​។ លោក Pirlo ដែលក្រុម​របស់​លោក​បាន​បញ្ចប់​ការ​​មិនស្គាល់​ចាញ់​របស់ AC Milan ត្រឹម​២៧​ប្រកួត​កាលពី​ពាក់​កណ្តាល​សប្តាហ៍​មុន​នោះ បាន​ឲ្យដឹងថា៖ «វា​ពិត​ជា​សំខាន់​ណាស់​ក្នុងការ​​រក្សា​ការ​បន្ត​ទៅមុខ និង​ឈ្នះនៅ​រាត្រីនេះ ពីព្រោះ​បើ​មិន​អ៊ី​ចឹងទេ ការ​ប្រកួត​ដែល​បាន​លេង​កាលពីថ្ងៃពុធនៅ San Siro គឺ​គ្មាន​ន័យ​អ្វី​សោះ​»​។

Sassuolo បាន​​លេង​ការ​ប្រកួត​​តង់​ទី​២​ទាំងមូល ជាមួយនឹង​ការ​នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០​នាក់ ក្រោយពី Pedro Obiang បាន​រង​ពិន័យ​កាត​ក្រហម​សម្រាប់​ការ​ប្រព្រឹត្ត​កំហុស​លើ Federico Chiesa​។ លោក Pirlo បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​ឈឺ​ចាប់​មួយ និង​មាន​ការ​គ្រប់​គ្រង​មិនល្អ ប៉ុន្តែ រឿង​ដ៏​សំខាន់​គឺ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ បើ​ទោះ​បី​មិន​មានការ​រៀប​ចំ​ល្អ​បន្តិច​ក៏ដោយ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia