បរទេស៖ គ្រូបង្វឹកក្លឹប Paris St-Germain លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ចង់នាំយកខ្សែបម្រើ Paul Pogba របស់ Manchester United ទៅកាន់ទឹកដី Parc des Princes នៅរដូវក្តៅនេះ។
Paul Pogba បានជាប់ជម្រើស១១នាក់របស់លោក Ole Gunnar Solskjaer វិញហើយក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ប៉ុន្តែទោះបីជាយ៉ាងណាកីឡាកររូបនេះត្រូវបានគេរំពឹងយ៉ាងខ្ពស់ថានឹងចាកចេញពី Manchester United នៅពេលចប់រដូវកាលនេះ។ Real Madrid និង Juventus ក៏ចាប់អារម្មណ៍ចង់បានខ្សែបម្រើរូបនេះដែរ ខណៈកុងត្រាបច្ចុប្បន្នរបស់គេជាមួយនឹង Man Utd នៅសល់ត្រឹម១៦ខែទៀតប៉ុណ្ណោះ។
បើយោងតាមសារព័ត៍មាន Daily Star បានចុះផ្សាយថា PSG បានសម្រេចចិត្តចូលរួមប្រជែងជាមួយនឹង Real Madrid និង Juventus ក្នុងការចុះកុងត្រាយកកីឡាកររូបនេះ ដោយគេជឿជាក់ថា Pogba ជាគោលដៅសំខាន់របស់លោក Pochettino ក្នុងការកសាងក្លឹប Paris St-Germain នៅរដូវកាលក្រោយ៕
ប្រភពព័ត៍មាន៖ Sportsmole