បរទេស៖ ការប្រជែងរបស់ក្រុមបិសាចក្រហម Manchester United ដើម្បីឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី១ ក្នុងរយៈពេល៨ឆ្នាំ នឹងត្រូវប្រឈមមុខនឹងការល្បងសមត្ថភាពដ៏សំខាន់មួយ នៅពេលដែលក្រុមដែលកំពុងមានពិន្ទុនាំមុខមួយនេះ ប៉ះជាមួយនឹងក្រុមម្ចាស់ការពារជើងឯក Liverpool នៅថ្ងៃអាទិត្យ។
ស្របពេលដែលក្រុម១ក្នុងចំណោមក្រុមទាំង២ នឹងត្រូវបាត់បងពិន្ទុបន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន Anfield ចុងសប្តាហ៍នេះ ក្រុមឈរលេខ៣ Manchester City អាចនឹងឡើងទៅកាន់ចំណាត់ថ្នាក់ប្រជែងពាន។ ក្រុមធ្លាក់ចុះទម្រង់លេង Chelsea កំពុងតែស្ថិតក្នុងភាពមិនច្បាស់ទៅលើមហិច្ឆតានៃការប្រជែងពានរបស់ពួកគេ ក្រោយពីការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់ ដែលត្រូវតែដោះស្រាយជាបន្ទាន់ និងធ្វើឲ្យលោកគ្រូបង្វឹក Frank Lampard ធ្លាក់ចូលក្នុងសម្ពាធ។ ប៉ុន្តែ សម្រាប់ក្រុម Man United ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅរាត្រីថ្ងៃអាទិត្យ។ ក្រោយពីបានបើកឲ្យមានការប្រជែងដណ្តើមពាន តាមរយៈការដណ្តើមបានជ័យជម្នះ៩លើក អំឡុងពេលនៃការមិនស្គាល់ចាញ់សោះចំនួន១១លើកជាប់ៗគ្នា ក្រុម Manchester United នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Anfield ដោយដឹងថា ពួកគេមានឱកាសល្អមួយ ដើម្បីបន្ថែមការនាំមុខដល់ទៅ៦ពិន្ទុលើក្រុមរបស់លោក Jurgen Klopp។
Man United ស្ថិតនៅលើកំពូលតារាងក្នុងដំណាក់កាលនេះនៃយុទ្ធនាការ Premier League ជាលើកទី១ បើគិតចាប់តាំងពីរដូវកាលចុងក្រោយរបស់លោក Alex Ferguson ក្នុងឆ្នាំ២០១២-២០១៣។ ពួកគេនាំមុខ៣ពិន្ទុលើក្រុមឈរលេខ២ Liverpool ក្រោយពីដណ្តើមបានជ័យជម្នះលើទឹកដីក្រុម Burnley កាលពីថ្ងៃអង្គារ ពោលគឺខុសគ្នាស្រឡះបើធៀបទៅនឹងគម្លាតដែលក្រុមរបស់លោក Ole Gunnar Solskjaer តាមពីក្រោយក្រុម Liverpool ចំនួន៣០ពិន្ទុ នៅពេលដែលក្រុមទាំង២ បានជួបគ្នាជាលើកចុងក្រោយកាលពីខែមករា ឆ្នាំ២០២០៕
ប្រភពព័ត៌មាន៖ Channel News Asia