បរទេស៖ ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១របស់គេ ក្នុងរយៈពេល២ខែ ខណៈដែលក្រុម AC Milan ផ្តួលក្រុម Cagliari ក្នុងលទ្ធផល ២-០ កាលពីថ្ងៃចន្ទ ដើម្បីឡើងឈរពីលើគូប្រកួតរបស់ខ្លួន Inter Milan លើកំពូលតារាងនៃក្របខ័ណ្ឌ Serie A។
Ibrahimovic បានរកគ្រាប់បាល់ទី១របស់គេពីការស៊ុតបាល់ប៉េណាល់ទី ក្រោយពីលេងបាន៧នាទី មុននឹងបន្ថែមគ្រាប់បាល់ទី២របស់គេ បន្ទាប់ពីសម្រាកតង់ទី១ នៅទីក្រុង Sardinia។ AC Milan ដែលកំពុងតែប្រមាញ់រកការឈ្នះពានក្របខ័ណ្ឌលីកជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ២០១១ នៅពេលដែល Ibrahimovic បានលេងឲ្យក្រុមនេះជាលើកចុងក្រោយនោះ បាននាំមុខ៣ពិន្ទុដាច់លើក្រុម Inter Milan ដែលបានផ្តួលក្រុមម្ចាស់ការពារជើងឯក Juventus ក្នុងលទ្ធផល ២-០ ក្នុងទីក្រុង San Siro កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតវ័យ៣៩ឆ្នាំរូបនេះ បានបង្ហាញថា រូបគេបានវិលទៅប្រកួតវិញទាំងភាពរឹងមាំ ក្រោយពីសម្រាកព្យាបាលរបួសរបស់គេ។ រូបគេបានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់១២គ្រាប់ ក្នុងការប្រកួត៨លើក ក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទី២គ្រាប់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ពេលប្រកួតជាមួយនឹងក្រុម Napoli ផងដែរ មុននឹងរងរបួសភ្លៅរបស់គេ៕
ប្រភពព័ត៌មាន៖ Channel News Asia