បរទេស៖ ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​វិល​ទៅ​រក​​ភាព​មុត​ស្រួច​​នៅ​ពី​មុខ​ទី​វិញ តាមរយៈការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែល​​ការ​រំកិលឡើង​លើ​តារាងនៃក្រប​ខ័ណ្ឌ Premier League បាន​បន្ត​ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាងកក់ក្តៅ​ក្នុងលទ្ធ​ផល ៣-០ លើ​ក្រុម Newcastle កាលពីថ្ងៃ​ចន្ទ​។

ក្រុម​កាំភ្លើង​ធំមួយនេះ បាន​ប្រឈម​​នឹង​ការ​ប្រយុទ្ធ​ដើម្បី​គេច​ឲ្យ​ផុត​ពី​តំបន់​កាត់ចោល​ដ៏មិនគួរ​ឲ្យជឿ ក្នុង​រយៈ​ពេល​តិ​ច​ជាង​១​ខែ​មុន ប៉ុន្តែ ការ​ដណ្តើម​បាន​១៣ពិន្ទុ​ពីការ​​​ប្រកួត​ដែល​ផ្តល់​ពិន្ទុ​សរុប​១៥​ពិន្ទុ បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Mikel Arteta ឡើង​ឈរ​លេខ​១០ ដោយ​ដេញ​តាមពីក្រោយ​ក្រុម​មាន​ចំណាត់​ថ្នាក់លេខ​៤ ចំនួន​៧ពិន្ទុ​។ បើ​ទោះ​បី Aubameyang បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ជាលើក​ដំបូង​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌលីក​នៅ​រដូវ​កាលនេះ​ក៏ដោយ ប៉ុន្តែ ​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​បាន​ធ្លាក់​ទៅលើ​តារាឆ្នើម Emile Smith Rowe និង Bukayo Saka របស់​ក្រុម Arsenal ម្តង​ទៀត ក្រោយពី​ពួក​គេ​បាន​​លេង​ស៊ី​សង្វាក់គ្នា​យ៉ាងល្អ ខណៈដែល Saka បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​នៅ​ចន្លោះ​គ្រាប់​បាល់​របស់ Aubameyang​។

ក្រុម Newcastle នៅ​តែ​ស្ថិតក្នុង​ការ​ប្រជែង​ដើម្បី​គេច​ឲ្យ​ផុត​ពី​តំបន់​កាត់ចោល ក្រោយពី​មិនស្គាល់ឈ្នះ​សោះពីការ​ប្រកួត​៩​​លើក​ជាប់​ៗ​គ្នា បើ​ទោះ​បី​លោក​គ្រូបង្វឹក Steve Bruce បាន​ផ្លាស់ប្តូរ​កីឡាករដល់​ទៅ​៨នាក់​ក្រុម​របស់​ខ្លួន​ក៏ដោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia