បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona បានរួចផុតពីការរពិន័យព្យួររយៈពេលយូរ សម្រាប់ការវាយទៅលើកីឡាករ Asier Villalibre របស់ក្លិប Athletic Bilbao ក្នុងការប្រកួតដណ្តើមពានអេស្ប៉ាញ Super Cup វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ និងរងពិន័យព្យួរត្រឹមតែ២ប្រកួតប៉ុណ្ណោះ។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានបញ្ជាក់កាលពីថ្ងៃអង្គារថា Messi ត្រូវបានដាក់ពិន័យព្យួរ២ប្រកួត ដែលមានន័យថា រូបគេនឹងអវត្តមានក្នុងការប្រកួតពាន Copa del Rey នៅលើទឹកដីក្រុម Cornella នៅរាត្រីថ្ងៃព្រហស្បតិ៍ និងការប្រកួតក្របខ័ណ្ឌ La Liga ជាមួយនឹងក្រុម Elche នៅថ្ងៃអាទិត្យ។ រូបគេនឹងត្រូវវិលចូលលេងវិញ ដើម្បីប្រកួតជាមួយនឹងក្រុម Bilbao ក្នុងការប្រកួតក្របខ័ណ្ឌ នៅថ្ងៃទី២៩ ខែមករា។ តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានរងពិន័យកាតក្រហម នៅជិតបញ្ចប់ការប្រកួតនៃនាទីបន្ថែម១៥នាទី២ដង សម្រាប់ការវាយទៅលើមុខរបស់កីឡាករ Villalibre ក្នុងការប្រកួតពាន Super Cup វគ្គផ្តាច់ព្រ័ត្រ ដោយក្រុម Barca បានរងបរាជ័យក្នុងលទ្ធផល ៣-២។
រូបគេនឹងត្រូវរងពិន័យព្យួររហូតដល់ទៅ១២ប្រកួត ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ចាត់ទុកសកម្មភាពនេះគឺជាការបង្ករជម្លោះ ប៉ុន្តែ បានចាត់ទុកជាអំពើហិង្សាអំឡុងពេលប្រកួត ដែលត្រូវរងពិន័យ២ ឬ៣ប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

