បរទេស៖ លោក Jurgen Klopp បានទទួលស្គាល់ថា ការបញ្ចប់ការមិនស្គាល់ចាញ់សោះចំនួន៦៨ប្រកួតរបស់ក្រុម Liverpool នៅកីឡដ្ឋាន Anfield ហាក់ដូចជាការ «ត្រូវ១ដៃចំមុខអ៊ីចឹង» ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯករបស់ក្របខ័ណ្ឌ Premier League បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Burnley កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមរបស់លោក Klopp បានរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌលីកលើទឹកដីខ្លួនឯងជាលើកទី១ បើគិតចាប់តាំងពីក្រុម Crystal Palace ដណ្តើមបានជ័យជម្នះនៅកីឡដ្ឋាន Anfield កាលពីខែមេសា ឆ្នាំ២០១៧។ កីឡាករ Ashley Barnes បានជួយឲ្យក្រុម Burnley ដណ្តើមបានជ័យជម្នះជាលើកដំបូងនៅលើទឹកដីក្រុម Liverpool បើគិតចាប់តាំងពីឆ្នាំ១៩៧៤ នៅពេលដែលរូបគេបានស៊ុតបាល់បាល់បំប៉ោងសំណាញ់ទី ពីបាល់ប៉េណាល់ទីនៅនាទី ទី៨៣ ក្រោយពីរងនូវការប្រព្រឹត្តដោយអ្នកចាំទី Alisson Becker របស់ Liverpool។ លោក Klopp បានឲ្យដឹងថា៖ «នេះគឺជាការត្រូវ១ដៃយ៉ាងធ្ងន់ចំមុខ។ យើងបានគ្រប់គ្រងបាល់ជាច្រើន បានបង្កើតឱកាសជាច្រើន ប៉ុន្តែ មិនបានបញ្ចប់ស្ថានភាពនោះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «បញ្ហានោះបានធ្វើឲ្យការប្រកួតស្ថិតក្នុងតុល្យភាព ហើយបន្ទាប់មក ពួកគេទទួលបានបាល់ប៉េណាល់ទី។ Alisson បានប្រាប់ខ្ញុំថា គេមិនបានប៉ះគូបក្ខដិបក្សឡើយ ប៉ុន្តែ ខ្ញុំមិនបានមើលវីដេអូឡើងវិញឡើយ។ យើងចាញ់ការប្រកួតមួយ ដែលខ្ញុំគិតថា វាមិនអាចទៅរួចឡើយដែលយើងចាញ់។ ប៉ុន្តែ យើងពិតជាចាញ់មែន»៕
ប្រភពព័ត៌មាន៖ Channel News Asia