បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ Christian Eriksen រក​បានគ្រាប់បាល់​ឈ្នះនៅ​ជិត​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល​ក្រុម Inter Milan បាន​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន Italian Cup វគ្គ​​​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​អង្គារ តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ លើ​ក្រុម AC Milan ក្នុងការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​តែ​ដ៏​តាន​តឹង​បំផុត​។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ នៅកីឡដ្ឋាន San Siro ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់ ដោយ​សារ​តែ​ជម្លោះ​រវាង​តារាឆ្នើម Zlatan Ibrahimovic និង Romelu Lukaku ដែល​សុទ្ធ​សឹង​​រក​បាន​គ្រាប់បាល់​ដូចគ្នា​នៅ​​រាត្រីនោះ ខណៈ​ដែលក្រោយ​មក​ Zlatan បាន​រង​​ពិន័យ​កា​តក្រហម នៅ​តង់​ទី​២​។ ភាព​តាន​តឹងបាន​ស្ថិតក្នុង​កម្រិត​ដ៏ខ្ពស់ ខណៈ​ដែល Lukaku បាន​ខក​ខាន​ឱកាសក្នុងការ​ជួយ​ឲ្យ Inter រក​បានគ្រាប់​បាល់​មុន​នៅនាទី ទី​២០ ដោយ​សារ​តែអ្នក​ចាំ​ទី Ciprian Tatarusanu របស់ AC Milan បាន​សង្គ្រោះ​បាល់​ដោយ​ជើង​របស់​គេ​​។ បន្ទាប់​មក Ibrahimovic និង Lukaku ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លិប Manchester United បាន​​​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខឹង​សម្បារ នៅ​មុន​ពេល​​បញ្ចប់​តង់​ទី​១​។

Ibrahimovic បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅលើ Lukaku និង​បាន​ធ្វើ​ឲ្យ​តារាឆ្នើម​​អន្តរ​ជាតិ​បែល​ហ្ស៊ិក​រូបនេះ​ផ្ទុះ​កំហឹង តាមរយៈ​ការ​សើច​នៅ​ចំមុខ​របស់​គេ ខណៈ​ដែល​កីឡាករ​ទាំង​២ បាន​យក​ក្បាល​ទល់​គ្នា​។ លោក Stefano Pioli គ្រូបង្វឹក​របស់ AC Milan បាន​ឲ្យដឹងថា៖ «ការ​ពិន័យ​កាត​លឿង​សម្រាប់​ជម្លោះ​ជាមួយនឹង Lukaku បាន​នាំ​ឲ្យ Ibrahimovic រងពិន័យ​កាត​ក្រហម​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia