បរទេស៖ លោក Thomas Tuchel បាន​ទទួល​ស្គាល់​ថា ក្រុម Chelsea នឹង​ត្រូវ​ប្រឈម​នឹងការ​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​របស់​ក្រប​ខ័ណ្ឌ Premier Leaue ក្រោយពី​ការ​ប្រកួត​ជាលើក​ដំបូង​របស់​លោក​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជាមួយនឹងក្រុម Wolves កាលពីថ្ងៃពុធ​។

លោក Tuchel បាន​ចូល​កាន់​តំណែង​ជំនួស​លោក Frank Lampard ក្នុង​ពេល​ដែល Chelsea ស្ថិតក្នុង​ចំណាត់​ថ្នាក់​ពាក់​កណ្តាល​តារាង បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ជាបន្ត​បន្ទាប់​។ អតីត​គ្រូបង្វឹក​របស់​ក្លិប Paris Saint Germain រូបនេះ មិន​អាច​បង្កើត​ភាព​អស្ចារ្យ​ភ្លាម​ៗ​ដល់​ក្រុម​ថ្មី​របស់​លោក​នៅក្នុងការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​លោក​នៅ​កីឡដ្ឋាន Stamford Bridge ឡើយ​។ បន្ទាប់​ពីការ​ប្រកួតនេះ លោក Tuchel បាន​ទទួល​ស្គាល់​ថា ក្រុម Chelsea មិនមាន​ឱកាស​ឈ្នះ​​ពាន​ឡើយ ហើយ​និង​ត្រូវ​តែ​ប្រជែង​ដណ្តើម​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។

Chelsea ដែល​មាន​៥ពិន្ទុ​ពី​ក្រោយ​ក្រុម​ឈរលេខ​៤ West Ham នោះ បាន​ឈ្នះ​ត្រឹម​តែ​២លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​លីក​៩​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​លោក Tuchel បាន​ឲ្យដឹងថា៖ «ការ​ប្រជែង​ពាន​ហាក់​ដូច​​នៅ​ឆ្ងាយ​ពេកហើយ​។ យើង​ត្រូវ​តែ​មើល​ស្ថានភាព​ជាក់​ស្តែង​នៅពេលនេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia