បរទេស៖ លោក Jurgen Klopp បានសរសើរ Mohamed Salah ថា «ជាកីឡាករដ៏អស្ចារ្យ» ក្រោយពីតារាឆ្នើមអន្តរជាតិអេហ្ស៊ីបរូនេះ បានបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីរបស់គេក្នុងក្របខ័ណ្ឌ Premier League តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងល្អ ដើម្បីជួយឲ្យក្រុម Liverpool ទទួលជ័យជម្នះ ៣-១ នៅលើទឹកដីក្រុម West Ham កាលពីថ្ងៃអាទិត្យ។
Salah មិនបានរកគ្រាប់បាល់បញ្ចូលទីសោះក្នុងការប្រកួតលីក៦លើក នៅមុនពេលរូបគេបានទម្លុះតំបន់ការពាររបស់ក្រុម West Ham ក្នុងតង់ទី២ ជាមួយនឹងគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេក្នុងយុទ្ធនាការនេះ បើគិតចាប់តាំងពីខែធ្នូ។ តារាឆ្នើមវ័យ២៨ឆ្នាំរូបនេះ បានបន្ថែម១គ្រាប់ទៀត តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ហើយការបង្ហាញពីទម្រង់លេងដ៏ល្អរបស់គេ បានជួយឲ្យក្រុម Liverpool កត់ត្រាជ័យជម្នះ២លើកជាប់ៗគ្នា។ Salah គឺជាកីឡាករដំបូងគេ ក្នុងការស៊ុតបាល់បញ្ចូលទីបាន២០គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់ ក្នុងរយៈពេល៤រដូវកាលសម្រាប់ Liverpool បើគិតចាប់តាំងពី Ian Rush ធ្វើបានក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
Georginio Wijnaldum រកបានគ្រាប់បាល់ទី៣សម្រាប់ Liverpool ខណៈដែលក្រុមរបស់លោក Klopp ឡើងឈរពីលើក្រុម Leicester City ក្នុងចំណាត់ថ្នាក់លេខ៣។ ទាក់ទងនឹងគ្រាប់បាល់របស់ Salah លោក Klopp បានឲ្យដឹងថា៖ «អ្វីដែល Mo បានធ្វើពីការបញ្ជូនបាល់ពី Shaqiri ពិតជាមិនគួរឲ្យជឿ។ ការទទួលបាល់ជាលើកដំបូងពិតជាអស្ចារ្យណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia