បរទេស៖ ខ្សែប្រយុទ្ធ Neymar បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រូបគេសង្ឃឹមថា នឹងបន្តនៅជាមួយនឹងក្លិប Paris Saint-Germain បន្ទាប់ពីរដូវកាលនេះ ហើយក៏ចង់ឲ្យ Kylian Mbappe ជម្រះពីអនាគតរបស់គេដើម្បីបន្តនៅជាមួយនឹងក្រុមម្ចាស់ជើងឯករបស់បារាំងមួយនេះផងដែរ។
តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar កំពុងតែពិភាក្សាជាមួយនឹងក្លិប PSG ជុំវិញការបន្តកិច្ចសន្យាថ្មី ខណៈដែលកិច្ចសន្យានាពេលបច្ចុប្បន្នរបស់គេ នឹបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។ កីឡាករវ័យ២៨ឆ្នាំរូបនេះ បានប្រាប់ទូរទស្សន៍បារាំង TF1 ថា៖ «ខ្ញុំពិតជារីករាយណាស់នៅពេលនេះ។ អ្វីៗបានផ្លាស់ប្តូរជាច្រើន។ ខ្ញុំពិតជាមិនអាចប្រាប់ពីមូលហេតុបានឡើយ។ ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំអាចសម្របខ្លួនបាន ខ្ញុំមានអារម្មណ៍ត្រជាក់ជាងមុន។
ខ្ញុំចង់បន្តនៅជាមួយនឹងក្លិប PSG»។ Neymar ដែលក្លិប PSG បានធ្វើឲ្យក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោកជាមួយនឹងការផ្ទេរក្នុងតម្លៃខ្លួន២២២លានអឺរ៉ូ (ស្មើនឹង២៦៩លានដុល្លារអាមេរិក) ពីក្លិប Barcelona កាលពីឆ្នាំ២០១៧នោះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលចាញ់ក្រុម Lorient កាលពីថ្ងៃអាទិត្យ ដែលជាការចាញ់ជាលើកទី១របស់ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino៕
ប្រភពព័ត៌មាន៖ Channel News Asia


