បរទេស៖ Chelsea បាន​កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ដំបូង​របស់​ពួកគេ ក្រោម​ការដឹកនាំ​របស់​លោក Thomas Tuchel កាល​ពីថ្ងៃ​អាទិត្យ ខណៈ​ដែលក្រុម Leicester បាន​ខ្ជះ​ខ្ជាយ​ឱកាស​របស់​ពួក​គេ ក្នុងការ​ឡើង​ឈរ​ពីលើ​ក្រុម Manchester United ក្នុង​ចំណាត់​ថ្នាក់​លេខ​២ នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League​​។

ខ្សែ​ការ​ពារ Cesar Azpilicueta និង Marcos Alonso បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អ ខណៈដែល​ក្រុម Chelsea បាន​ផ្តួល​ក្រុម Burnley ក្នុង​លទ្ធ​ផល ២-០ នា​កីឡដ្ឋាន Stamford Bridge​។ ក្រុម Leicester ដែល​សម្លឹង​រក​ការ​កាត់​បន្ថយ​ការ​ដេញ​តាមពី​ក្រោយ​ក្រុម​ឈរលេខ​១ Manchester City នៅ​ត្រឹម​២ពិន្ទុ​នោះ បាន​រក​គ្រាប់​បាល់​នាំមុខ​មុន នៅពេល​ប្រកួត​ជាមួយនឹងក្រុម Leeds United ប៉ុន្តែ​ កីឡាករ Patrick Bamford បាន​​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​​​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម​របស់​លោក Marcelo Bielsa បាន​កត់ត្រា​ជ័យ​ជម្នះ​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ៣-១​។

លោក Tuchel អតីត​គ្រូបង្វឹក​របស់​ក្លិប Paris Saint-German ត្រូវ​បាន​គេ​នាំ​យក​ដើម្បី​ជំនួស​កន្លែង​របស់​លោក Frank Lampard កាលពី​ចុងសប្តាហ៍​មុន ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea វិល​ទៅ​កាន់​ការ​ប្រជែង​ដណ្តើម​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​​។ លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ក្រុម Chelsea ឡើង​ឈរ​លេខ​៧ ដោយ​ដេញតាមពីក្រោយ​ក្រុម​ឈរលេខ​៤ Liverpool ត្រឹម​តែ​៤ពិន្ទុ​គត់​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia