បរទេស៖ ខ្សែ​ការ​ពារ Andy Robertson របស់​ក្លិប Liverpool បាន​បញ្ជាក់​ថា ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League មួយនេះ «មិនស្ថិតក្នុងការ​ប្រជែង​ពាន​» ឡើយ ក្រោយពីការ​រង​បរា​ជ័យ​ដ៏មិននឹក​ស្មាន​ដល់លើ​ទឹកដីខ្លួន​​ឯ​ក្រោម​ស្នា​ដៃក្រុម Brighton កាលពីថ្ងៃពុធ​។

ក្រុម​របស់​លោក Jurgen Klopp បាន​ជួប​ការ​លំបាកក្នុងការ​បំ​បែក​តំបន់​ការ​ពារ​របស់​ក្រុម​ភ្ញៀវ ហើយ​កីឡាករ Steven Alzate បាន​រក​គ្រាប់​បាល់​កាត់​សេចក្តី​តែ​១​គ្រាប់​ក្នុង​ការ​ប្រកួត​នោះ នៅនាទី ទី​៥៦​។ នេះ​គឺ​ជា​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​លីក​ជាលើក​ទី​២​ជាប់​ៗ​គ្នា​នៅកីឡដ្ឋាន Anfield ក្រោយពី​មិនស្គាល់​ចាញ់​សោះ​​ចំនួន​៦៨​ប្រកួត លើ​ទឹកដីខ្លួន​ឯង ហើយ​លទ្ធផល​នេះ ធ្វើ​ឲ្យពួក​គេ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​តែ​នាំមុខ Manchester City ដែល​ក៏​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ រហូត​ដល់​ទៅ​៧ពិន្ទុ​។ ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Robertson របស់ Liverpool បាន​ឲ្យដឹងថា៖ «Brighton គឺ​ជាក្រុម​ដែលលេង​បានល្អ​ជាង​។ យើង​​ទាំង​អស់​គ្នា​ពិត​ជា​ខក​ចិត្ត​ណាស់​»​។ កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «អ្នក​ត្រូវ​តែ​ផ្តល់​ការ​កោត​សរសើរ​ដល់​ទម្រង់​លេង​របស់​ពួក​គេ​ផង​ដែរ​។

ពួកគេ​បាន​បង្កើត​ឱកាស​ជាច្រើន ដាក់​សម្ពាធ​លើ​យើង និង​បាន​ធ្វើ​រាល់​អ្វី​ៗ​ដែលយើង​ចង់​ធ្វើ​។ យើង​មិន​បាន​បង្កើត​ឱកាស​ដ៏​គួរ​ឲ្យ​កត់សម្គាល់ឡើយ​។ ជាមួយនឹង​កំណត់ត្រា​មិនស្គាល់​ចាញ់​សោះ​អស់រយៈ​ពេល​ជាយូរ យើង​បាន​ចាញ់​២លើក​។ នៅពេល​ដែល​​អ្នក​មិន​បង្ហាញពី​ភាពខ្លាំង​ទេ​នោះ អ្នក​មិន​ទទួល​បាន​លទ្ធផល​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia 
\