បរទេស៖ លោក Jose Mourinho គ្រូបង្វឹក​របស់​ក្រុម Tottenham បាន​បន្ថែម​សម្ពាធ​លើ​​អ្នក​ចាត់​ការ​ទូទៅថ្មី​របស់​ក្លិប Chelsea លោក Thomas Tuchel តាម​រយៈ​ការ​បញ្ជាក់​ថា វា​ជា​រឿង​ងាយស្រួល​ណាស់​ក្នុងការ​ឈ្នះ​ពាននានា​នៅកីឡដ្ឋាន Stamford Bridge​។ លោក Mourinho បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ចំនួន​៣​លើក ហើយ​ក៏​បាន​ឈ្នះពាន​ FA Cup និង League Cup ផង​ដែរ អំឡុង​ពេល​នៃការ​ដឹកនាំ​ចំនួន​២លើក​របស់​​លោក​នៅក្លិប Chelsea​។

បើ​ទោះ​បី​គ្រូបង្វឹកសញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ ត្រូវ​បាន​បណ្តេញ​ចេញ​ចំនួន​២លើក ដោយ​​លោក Roman Abramovich ម្ចាស់​​​កម្មសិទ្ធិ​ក្លិប Chelsea ក៏ដោយ ប៉ុន្តែ លោក Mourinho បាន​បញ្ជាក់​ថា ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​គ្រូបង្វឹក​របស់ក្លិប Chelsea មាន​ន័យ​ថា ការ​ឈ្នះ​​ពាន​នានា​មិន​លំបាក​ឡើយ​។ ការ​លើក​ឡើង​បែប​នេះ​ប្រហែល​ជា​មិនមែន​ជាដំបូន្មាន​ដ៏ល្អ​ឡើយ​សម្រាប់​​អតីត​គ្រូបង្វឹករបស់​ក្លិប Paris Saint-Germain លោក Tuchel ដែល​​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួ​ប​លោក Mourinho នៅពេល​ដែល​ក្រុម​ Chelsea ទៅ​​ប្រកួត​លើ​ទឹកដីក្រុម Tottenham នៅ​​រាត្រី​នេះ​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​​រូបនេះ នឹង​ត្រូវ​ដឹកនាំ​ក្នុងការ​ប្រកួត​ជាលើក​ទី​៣​របស់ Chelsea បើ​គិត​ចាប់​តាំងពី​ចូល​កាន់​តំណែង​ជំនួស​លោក​គ្រូបង្វឹក Frank Lampard កាលពី​សប្តាហ៍​មុន​។

លោក Mourinho បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃពុធ​ថា៖ «ខ្ញុំ​គិត​ថា វា​មិនមែន​ជា​រឿង​លំបាកឡើយ​ក្នុង​ការ​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប Chelsea ពីព្រោះ​ខ្ញុំ​បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​៣លើក លោក (Carlo) Ancelotti ក៏​បាន​ឈ្នះ​ពាន ហើយ​លោក Antonio Conte ក៏​បាន​ឈ្នះពាន​ផងដែរ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia