បរទេស៖ ក្រុម Manchester City បាន​បន្ថែម​ការនាំមុខ​រហូត​ដល់​ទៅ​១០ពិន្ទុ​ដាច់លើ​កំពូល​តា​រាង​នៃក្រប​ខ័ណ្ឌ Premier League ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Everton ក្នុងលទ្ធ​ផល ៣-១ កាលពីថ្ងៃពុធ ដើម្បី​បន្ត​កំណត់​ត្រា​ឈ្នះ​ជាប់​ៗ​គ្នា​របស់​ពួកគេ​ក្នុងក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស រហូត​ដល់​ទៅ​១៧​ប្រកួត​។

ខ្សែ​ប្រយុទ្ធ Riyad Mahrez បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អនៅ​ចន្លោះ​គ្រាប់​បាល់​រសប់​កីឡាករ Phil Foden និង Bernardo Silva ខណៈ​ដែលក្រុម​របស់​លោក Pep Guardiola បាន​បោះ​ជំហាន​ដ៏​ធំមួយ​ផ្សេង​ទៀត ឆ្ពោះ​ទៅកាន់​ការ​ឈ្នះពាន​ជាលើក​ទី​៣​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​។ គ្រាប់បាល់​តាមស្មើ​របស់​ខ្សែ​ប្រយុទ្ធ Richarlison មិន​គ្រាប់​គ្រាន់​ក្នុងការ​ជួយ​ដល់​ក្រុម​ឈរលេខ​៧ Everton ដែល​បច្ចុប្បន្ន​បាន​ទទួល​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួតលីក​៦​លើក​ចុង​ក្រោយ ឡើយ ខណៈ​ដែល​ពួកគេ​ដេញតាមពីក្រោយក្រុម​ឈរលេខ​៤ ដល់​ទៅ​៥ពិន្ទុ​។ ការ​ប្រកួតនេះ គឺ​ជា​ការ​រៀប​ចំ​ឡើ​វិញ ពី​កម្មវិធី​ប្រកួតកាល​ពីចុង​ខែ​ធ្នូ ដោយ​សារ​តែ​ការផ្ទុះ​វីរុស​កូវីដ-១៩ ដែល​ឆ្លង​កីឡាករ​ជាច្រើន​នាក់ក្នុងក្លិប Man City​។ ​

កាលនោះ​ក្រុម​របស់​លោក Guardiola ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៨​លើ​តារាង ប៉ុន្តែ ការ​មិន​បាន​របូត​ពិន្ទុ​សូម្បី​តែ​១លើក​ក្នុង​​ចំណោម​ការ​ប្រកួត​លីក​១០​លើក​ជាប់​ៗ​គ្នា​របស់​ពួក​គេ ចាប់​តាំងពីពេលនោះមក បាន​ធ្វើ​ឲ្យ​នាំមុខ​ដាច់​លើ​កំពូល​តារា​ងតែម្តង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia