បរទេស៖ លោក Jose Mourinho បានបញ្ជាក់ថា លោក នៅតែជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ឆ្នើមបំផុតក្នុងពិភពលោក បើទោះបីការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Tottenham កំពុងតែស្ថិតក្នុងកម្រិតកាន់តែលិចលុង ក្រោយពីការរងបរាជ័យនៅលើទឹកដីក្រុម West Ham ក្នុលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យក៏ដោយ។
ក្រុមរបស់លោក Mourinho បានរងបរាជ័យ៥លើក ក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក៦លើកចុក្រោយរបស់ពួកគេ ហើយក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤របស់ក្របខ័ណ្ឌ Premier League ហាក់ដូចជារលត់ហើយ។ មានការលើកឡើងថា លោក Mourinho ដែលកំពុងតែស្ថិតក្នុងដំណាក់កាលដ៏អាក្រក់បំផុតនៃអាជីពគ្រូបង្វឹកដ៏ត្រចាស់ត្រចង់របស់លោកនោះ អាចនឹងស្ថិតក្នុងគ្រោះថ្នាក់នៃការបណ្តេញចេញ។ Tottenham បានស្ថិតនៅពាក់កណ្តាលតារាងកាលពីពាក់កណ្តាលខែធ្នូ ប៉ុន្តែ ចាប់តាំងពីពេលនោះមកពួកគេបានកត់ត្រាជ័យជម្នះត្រឹមតែ៣លើកគត់ ក្នុងចំណោមការប្រកួត១៣លើក ដែលមានន័យថា ក្តីសង្ឃឹមរបស់ពួកគេក្នុងការឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នឹងអាស្រ័យទៅលើការឈ្នះពានក្របខ័ណ្ឌ Europa League។ ក្រោយពីត្រូវបានបណ្តេញចេញពីក្លិប Chelsea បន្ទាប់មក រងការបណ្តេញចេញ ក្រោយពីជួបពេលវេលាដ៏ខកចិត្តនៅក្លិប Manchester United ក្រុមអ្នករិះគន់លោក Mourinho បានលើកឡើងថា គ្រូបង្វឹករូបនេះបាត់បង់ភាពខ្លាំងបំផុតរបស់លោកហើយ។
ប៉ុន្តែ លោក Mourinho បានបញ្ជាក់ថា៖ «ទេ មិនមែនបែបនោះឡើយ។ ដោយសារតែពេលខ្លះ លទ្ធផលនានាបានកើតឡើង ដោយសារតែស្ថានភាពជាច្រើនក្នុងកីឡាបាល់ទាត់ ហើយវិធីសាស្ត្ររបស់ខ្ញុំ និងបុគ្គលិកគ្រូបង្វឹករបស់ខ្ញុំ គឺស្ថិតនៅលេខ២ប៉ុណ្ណោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia