បរទេស៖ លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Inter Milan បានកោតសរសើរថា «ក្រុមរបស់លោកបានលេងការប្រកួតដ៏ល្អឥតខ្ចោះ» ខណៈដែលខ្សែប្រយុទ្ធ Lautaro Martinez បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ស្របពេលដែល Romelu Lukaku ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ ក្នុងពេលពួកគេបានយកឈ្នះលើក្រុមស្ថិតក្នុងទីក្រុងតែមួយ AC Milan ៣-០ ដើម្បីបន្ថែមពិន្ទុនាំមុខរបស់ខ្លួននៅលើកំពូលតារាង Serie A កាលពីថ្ងៃអាទិត្យ។
Inter បានបន្ថែមពិន្ទុនាំមុខរហូតដល់ទៅ៤ពិន្ទុ លើក្រុមឈរលេខ២ AC Milan ខណៈដែលក្រុមរបស់លោក Conte សម្លឹងរកការឈ្នះពានរង្វាន់លីកជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីឈ្នះពាន៣ក្នុងរដូវកាលតែមួយ ក្រោមការដឹកនាំរបស់លោក Jose Mourinho កាលពីឆ្នាំ២០១០។ លោក Conte ដែលកំពុងតែព្យាយាមដើម្បីរារាំងកុំឲ្យអតីតក្រុម Juventus របស់លោក លើកពានរង្វាន់លីកលើកទី១០ជាប់ៗគ្នារបស់ពួកគេនោះ បានឲ្យដឹងថា៖ «ការកោតសរសើរគួរតែធ្លាក់ទៅលើកីឡាករ។ ពួកគេបានបង្ហាញពីទម្រង់លេងដ៏ល្អអស្ចារ្យ ពោលគឺយ៉ាងល្អឥតខ្ចោះ»។
ក្នុងចំណាត់ថ្នាក់លេខ៣ឯនោះវិញ ក្រុម Roma បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុមឈរលេខ១៥ Benevento ដែលធ្វើឲ្យក្រុម Juventus ដែលកំពុងដេញតាមពីក្រោយក្រុមកំពូលតារាង១១ពិន្ទុ មានឱកាសឡើងឈរលេខ៣ ពេលពួកគេប្រកួតជាមួយនឹងក្រុម Crotone នៅរាត្រីនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia