បរទេស៖ ខ្សែប្រយុទ្ធជើងចាស់ក្លឹប Man City កីឡាករ Sergio Aguero ត្រូវបានក្លឹបនៅអឺរ៉ុបចំនួន ៤កំពុងទាក់ទង ក្រោយពីកិច្ចសន្យារបស់ខ្លួននិងផុតកំណត់នៅពេលបញ្ចប់រដូវកាលនេះ។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះទទួលបានជោគជ័យបំផុតក្រោយពីជួយអោយក្រុមមេឃខៀវឈ្នះជើងឯក Premier League បួនសម័យកាល។
គេហទំព័រ The Mirror បានចុះផ្សាយថាក្លឹបកំពូល ៗ ចំនួន ៤ នៅអឺរ៉ុបគឺ Barcelona, Paris Saint-Germain, Juventus និង Inter Milan សុទ្ធតែមានការទំនាក់ទំនងជាមួយកីឡាករវ័យ ៣២ ឆ្នាំរូបនេះ។ ទោះយ៉ាងណាប្រភពខាងលើលើកឡើងថា Aguero ចង់បន្តអាជីពនៅអឺរ៉ុបផ្អែកលើស្ថានភាពជាក់ស្តែងយ៉ាងហោចណាស់២ឆ្នាំទៀតតែក៏បើកចំហរឪកាសវិលត្រលប់ទៅស្រុកកំណើតវិញជាមួយក្លឹប Independent ផងដែរ។
រដូវកាលនេះកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់បានច្រើនបំផុតអោយក្លឹប លេងមិនបានសមប្រកបនោះទេ ដោយជួបបញ្ហារបួស ខណៈពិភពបាល់ទាត់ត្រូវរងការរំខានដោយមេរោគកូវីត-១៩ហើយរដូ្វកាលនេះរូបគេចូលលេងបាន ៩ ប្រកួតប៉ុណ្ណោះនិងស៊ុតបញ្ចូលទីបាន ២ គ្រាប់នៅក្របខណ្ឌ Champions League ៕
ប្រភពព័ត័មាន៖ Sportsmole