បរទេស៖ ខ្សែការពារ Ferland Mendy បានស៊ុតបាល់នៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Rea Madrid បានផ្តួលក្រុម Atalanta ក្នុងលទ្ធផល ១-០ កាលពីថ្ងៃពុធ ដើម្បីខិតកាន់តែកៀកឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែការពារស្លាបឆ្វេងអន្តរជាតិបារាំងរូបនេះ បានកើតឡើង នៅរយៈពេល៤នាទីចុងក្រោយ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ខណៈដែលក្រុមម្ចាស់ផ្ទះបានលេងជាមួយនឹងសមាជិកត្រឹមតែ១០នាក់ អស់រយៈពេល៧០នាទី ហើយក្រុមរបស់លោក Zinedine Zidane បានការពារយ៉ាងរឹងមាំ មុននឹងឈានទៅកាន់ការប្រកួតជើងទី២ ក្នុងទីក្រុងម៉ាឌ្រីដ នៅថ្ងៃទី ១៦ ខែមីនា។ Atalanta បានវាយសម្រុកយ៉ាងខ្លាំងនៅដើមតង់ ប៉ុន្តែ ការប្រកួតនេះ បានផ្លាស់ប្តូរ នៅពេលដែលខ្សែបម្រើអន្តរជាតិស្វ៊ីស Remo Freuler បានរងពិន័យកាតក្រហម នៅនាទី ទី១៧ សម្រាប់ការប្រព្រឹត្តកំហុសលើ Mendy នៅក្បែរតំបន់ការពារ។ ក្រុម Atalanta របស់លោក Gian Piero Gasperini បានបន្តជួបភាពលិចលុង ក្រោយពីខ្សែប្រយុទ្ធ Duvan Zapata បានរងរបួសនៅនាទី ទី៣០ ខណៈដែលខ្សែបម្រើ Mario Pasalic បានចូលលេងជំនួសវិញ។
ដោយឡែក ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យកាល Real បានលេងដោយគ្មានខ្សែប្រយុទ្ធ Karim Benzema ដោយសារតែបញ្ហាកជើង ខណៈដែលកីឡាករ Sergio Ramos, Eden Hazard និង Dani Carvajal សុទ្ធសឹងស្ថិតក្នុងបញ្ជីរបួស៕
ប្រភពព័ត៌មាន៖ Channel News Asia