បរទេស៖ ក្រុម Manchester City បាន​កំណត់ត្រា​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​ឈ្នះពាន​៤​សំខាន់​ៗ នៅពេល​ដែលក្រុម​កំពុង​តែ​នាំមុខ​ដាច់​លើ​កំពូល​តារាង​ក្រប​ខ័ណ្ឌ Premier League ត្រៀម​ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​ក្រុម​ឡើង​ទម្រង់​លេង West Ham នៅ​ចុងសប្តាហ៍​នេះ​។ ជាមួយ​គ្នា​នេះ ដើម្បី​មាន​ឱកាស​ធ្វើ​ឲ្យ​ក្រុម Man City ធ្លាក់​ចូល​ក្នុង​សម្ពាធ ក្រុម​ឈរលេខ​២ Manchester United ត្រូវ​តែ​បញ្ចប់​កំណត់ត្រា​មិនស្គាល់​ចាញ់​របស់​លោក Thomas Tuchel ក្នុងនាម​ជា​អ្នក​ការ​ទូទៅ​របស់​ក្រុមតោខៀវ​។

Man City ត្រៀម​បង្ហាញ​សាច់​ដុំពេល​ប៉ះ West Ham

ការ​ធ្វើ​ដំណើរ​របស់​ក្រុម Manchester City ឆ្ពោះ​ទៅកាន់​ការ​ឈរ​លើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League មិនមែន​ជា​រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ឡើយ បើ​យើង​គិត​ដល់​កំណត់ត្រា​នៃ​ការ​ឈ្នះពាន​របស់​ពួក​គេ ប៉ុន្តែ ​ការ​បំ​បែក​កំណត់ត្រា​ឈ្នះ​ជាប់​ៗ​គ្នា​របស់​ពួក​គេ បាន​ជួយ​ឲ្យ​ពួកគេមានការ​ជឿជាក់​ថា ពួក​គេ​អាច​សម្រេច​បាន​សមិទ្ធ​ផល​ដ៏ធំ​បំផុត​។ Man City បាន​កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​១៩​ជាប់​ៗ​គ្នា​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ ដែល​ជា​កំណត់ត្រាមួយ​សម្រាប់​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អង់​គ្លេស ក្រោយពី​ពួកគេ​បាន​ផ្តួលក្រុម Borussia Monchengladbach ២-០ ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ កាល​ពីថ្ងៃ​ពុធ​។ ក្រុម​របស់​លោក Pep Guardiola កំពុង​តែ​នាំមុខ​១០ពិន្ទុ​ដាច់ លើ​កំពូល​តារាង Premier League ក៏​នឹង​ត្រូវ​ប៉ះ​ក្រុម Tottenham ក្នុងការ​ប្រកួតដណ្តើមពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ក៏​បាន​ឈាន​ទៅ​ប្រកួត​ពាន FA Cup វគ្គ​៨​ក្រុម​ចុងក្រោយ​ផង​ដែរ​។

Man Utd នឹង​ត្រូវ​ល្បង​សមត្ថភាព​ពេល​ប៉ះ​ក្រុម Tuchel

ក្រុម Manchester United គឺ​ជា​គូ​ប្រកួត​ដែល​ដេញ​តាមពីក្រោយក្រុម​ Manchester City ប្រកៀក​ជាង​គេ ប៉ុន្តែ ក្រុមរ​បស់​លោក Ole Gunnar Solskjaer នឹង​ត្រូវការ​ឲ្យ​ក្រុម Man City ភ្លាត់​ស្នៀត​យ៉ាង​គំហុក ប្រសិន​បើ​ពួកគេ​ចង់​ឈ្នះ​ពាន​ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៣​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ទឹកដីក្រុម Chelsea នៅ​រាត្រី​ថ្ងៃ​អាទិត្យ ពិត​ជា​សំខាន់​ណាស់​ក្នុងការ​ជួយ​រក្សា​ក្តី​សង្ឃឹម​របស់​ក្រុម Man United​។ ប៉ុន្តែ ការ​ដណ្តើម​បានជ័យ​ជម្នះ នឹង​មិន​ងាយ​ស្រួល​ឡើយ ដោយ​សារ​តែ​ក្រុម Chelsea កំពុង​តែ​ស្ថិតក្រោម​ការដឹកនាំ​របស់អតីតគ្រូបង្វឹកនៃក្លិប Paris Saint-Germain លោក Thomas Tuchel​។ បើ​គិត​ចាប់​តាំងពី​ចូល​ជំនួស​កន្លែង​របស់​លោក Frank Lampard កាល​ពី​ខែមករា លោក Tuchel បាន​ឈ្នះ​ការ​ប្រកួត​៦លើក​ក្នុង​ចំណោម​​ការ​ប្រកួត​៨​លើក​របស់​លោក ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea ឡើង​ឈរ​លេខ​៥​។ ប៉ុន្តែ ក្រុម Man United មិនស្គាល់​ចាញ់សោះ​ក្នុង​ចំណោម​ការ​ប្រកួត​លីក​៦​លើក ហើយ​ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ​គឺ Marcus Rashford ជឿជាក់​ថា ក្រុម​ខ្លួនកំពុង​តែ​ក្លាយ​ជា​ក្រុម​ដ៏ខ្លាំង​មួយ​។ ខ្សែ​ប្រយុទ្ធរូបនេះ​បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា យើង​ទាំង​អស់គ្នា បាន​​​និយាយ​ពេញ​១​រដូវ​កាល​ថា យើង​​គឺ​ជាក្រុម​មួយ​ដែល​នៅ​តែ​ត្រូវ​ការ​ការ​អភិវឌ្ឍទៀត រៀន​មេរៀន​បន្ថែមទៀត​អំពី​ខ្លួន​យើង រាល់​ការ​ប្រកួត​ទាំង​អស់​»៕

ប្រភព​ព័ត៌​មាន៖ AFP