បរទេស៖ លោក Ole Gunnar Solskjaer បញ្ជាក់​ថា ក្រុម Manchester United បាន​រង​ឥទ្ធិ​ពល​ជា​អជវិជ្ជ​មាន​ដោយ​សារ​តែ​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បដិបក្ខ ទាក់ទង​នឹង​កំណត់ត្រា​នៃ​ទទួល​បាន​បាល់​ប៉េ​ណាល់ទី ក្រោយ​ពី​មិន​​ទទួល​បាន​បាល់​​ពិន័យ​១១​ម៉ែត្រ ក្នុង​ពេល​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹកដីក្រុម Chelsea កាល​ពីថ្ងៃ​អាទិត្យ​។

ក្រុម​កីឡាករ Man United បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​ដែលលោក​អាជ្ញា​កណ្តាល Stuart Attwell បាន​​ស្ថិត​នៅ​ទ្រឹង​មិន​ផ្តល់​បាល់​ប៉េណាល់ទី​​១​គ្រាប់ ចំពោះ​ការ​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​​ពី​សំណាក់កីឡាករ Callum Hudson-Odoi បើ​ទោះ​បី​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ទៅលើសកម្មភាព​នេះ តាមរយៈ​វីដេអូ​ជំនួយ​ការអាជ្ញា​កណ្តាល (VAR) នៅ​តង់​ទី​១​ក៏ដោយ​។ ក្រុម​បិសាចក្រហម បាន​ទទួល​​បាល់​ប៉េណាល់ទី​ដល់​ទៅ​២២​លើក ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League បើ​គិត​ចាប់​តាំង​ពី​ដើម​រដូវ​កាល​មុន ពោលគឺ​ជាច្រើន​ជាង​ក្លិប​ផ្សេង​ៗដាច់ ដែល​នាំ​ឲ្យអ្នក​ចាត់ការទូទៅ​របស់​ក្រុម Liverpool លោក Jurgen Klopp និង​អតីត​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Frank Lampard ចោទ​សួរ​ជា​សំណួរ​ថា ហេតុអ្វី​​បាន​​ជាក្រុម​របស់​ពួកគេ​មិន​ទទួលបាន​ការ​កាត់​សេចក្តី​ដូចគ្នា​ពីអាជ្ញា​កណ្តាល​។

លោក Solskjaer បាន​និយាយទាំង​ខឹង​ថា៖ «នេះ​គឺ​ដោយ​សារ​តែ​ឥទ្ធិ​ពល​មក​ពី​ខាងក្រៅ​។ នោះ​គឺ​ជា​​បង្កើត​ឥទ្ធិ​ពលលើ​អាជ្ញា​កណ្តាល​។ យើង​​បាន​ឃើញ​ថា មាន​ការ​ពិភាក្សា​គ្នា​ជាច្រើន​អំពី​យើង ទាក់ទង​នឹង​ការ​ទទួល​បាល់​ប៉េណាល់ទី ដែលមិនមែន​ជា​រឿង​គួរ​ឲ្យ​សង្ស័យ ហើយ​នៅ​ថ្ងៃ​នេះ យើង​គួរ​តែ​ទទួល​បាន​បាល់​ប៉េណាល់ទី​ ព្រោះ​ជា​កំហុស​យ៉ាង​ច្បាស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia