បរទេស៖ លោក Jurgen Klopp ជឿជាក់​ថា ក្រុម Liverpool អាច​​បង្ហាញ​ឲ្យ​ក្រុម​​អ្នក​រិះ​គន់​ឃើញ​ថា ពួក​គេ​យល់​ខុស​ហើយក្នុង​ការ​​កាត់​សេចក្តី​រដូវកាល​ពួក​គេ ក្រោយពី​បាន​បញ្ចប់​ការ​រង​បរា​ជ័យជាប់​ៗ​គ្នា​​ក្នុងក្រប​ខ័ណ្ឌ Premier League ត្រឹម​៤​ប្រកួត តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ នៅ​លើ​ទឹកដីក្រុម Sheffield United កាល​ពីថ្ងៃ​អាទិត្យ​។

ការ​ការ​ពារ​ពាន​របស់ក្រុម​ម្ចាស់​ជើង​ឯក​អង់គ្លេស​មួយនេះ បាន​ផុត​រលត់​ដោយ​សារ​តែ​បញ្ហា​របួស​កីឡាករ ហើយពួក​គេ​​កំពុង​ប្រឈមមុខ​នឹង​ការ​ប្រជែង​ដណ្តើម​យក​កៅអី​ទៅ​លេងក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ តាមរយៈ​ការ​បញ្ចប់ក្នុង​​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​។ ក្រុម​របស់​លោក Klopp នៅ​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​៦ ប៉ុន្តែ បច្ចុប្បន្ន​កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​​ក្រុម​ឈរលេខ​៤​ West Ham ត្រឹម​តែ​២ពិន្ទុ​ប៉ុណ្ណោះ និង​មាន​ឱកាស​ឡើង​ឈរ​ពីលើក្រុម Chelsea ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់លេខ​៥ នៅ​ពេល​ដែលក្រុម​តោ​ខៀវ ធ្វើ​ដំណើរ​ទៅ​ប្រកួតនៅ​កីឡដ្ឋាន Anfield នៅ​​ថ្ងៃ​ព្រហស្បតិ៍​។

លោក Klopp បាន​ឲ្យដឹងថា៖ «មនុស្ស​ជាច្រើន​បានមើល​ស្រាល​លើ​ក្រុម​ពួក​យើង​។ ជាមួយ​នឹង​​រាល់​បញ្ហា​ទាំង​អស់​ដែលយើងមាន​ យើង​នៅ​តែ​​ស្ថិត​នៅ​ទី​តាំង​ដ៏រំភើប​»​។ ប្រធាន​ក្រុម Jordan Henderson ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​កីឡាកររបួស​របស់​ក្រុម Liverpool ស្រប​ពេល​ដែល​អ្នក​ចាំ​ទី Alisson Becker បាន​អវត្តមាន ក្រោយពី​រូប​គេ​កំពុង​កាន់​ទុក្ខ​ឪពុក​ខ្លួន​ដែល​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​នៅអាងហែល​ទឹក ក្នុង​ប្រទេស​ប្រេស៊ីល កាលពី​សប្តាហ៍​មុន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia