បរទេស៖ លោក Pep Guardiola បាននិយាយថា ក្រុម Manchester City របស់លោកបានឆ្លងផុតដំណាក់កាលដ៏លំបាក មុននឹងបង្កើតភាពអស្ចារ្យ ខណៈដែលខ្សែប្រយុទ្ធ Gabriel Jesus បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលពួកគេបានផ្តួលក្រុម Wolverhampton Wanderers យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ កាលពីថ្ងៃអង្គារ។
ជ័យជម្នះនេះ ធ្វើឲ្យក្រុម Man City នាំមុខ១៥ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការដណ្តើមបានជ័យជម្នះជាលើកទី២១ជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់។ Man City ដែលកំពុងតែធ្វើដំណើរទៅកាន់ការឈ្នះពានលីកជាលើកទី៣របស់ខ្លួនក្នុងរយៈពេល៤ឆ្នាំនោះ បានស៊ុតបាល់បញ្ចូលទី៣គ្រាប់នៅជិតបញ្ចប់ការប្រកួត ដើម្បីទទួលបានជ័យជម្នះដ៏កក់ក្តៅ និងមាន៦៥ពិន្ទុ ខណៈដែលនៅសល់ការប្រកួត១១លើកទៀត នៅមុនពេលប្រកួតជាមួយនឹងក្រុម Manchester United ដែលមាន៥០ពិន្ទុ ជាមួយនឹងការនៅសល់១ប្រកួតក្នុងដៃ។ Man United នឹងត្រូវប្រកួតជាមួយនឹងក្រុម Crystal Palace នៅរាត្រីនេះ មុនពេលប៉ះក្រុម Man City នាកីឡដ្ឋាន Etihad ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែមួយ នៅថ្ងៃអាទិត្យ។

Soccer Football – Premier League -Manchester City v Wolverhampton Wanderers – Etihad Stadium, Manchester, Britain – March 2, 2021 Wolverhampton Wanderers’ Nelson Semedo in action with Manchester City’s Gabriel Jesus Pool via REUTERS/Clive Brunskill
ជ័យជម្នះនេះ ធ្វើឲ្យ Man City តាមស្មើកំណត់ត្រានៃការឈ្នះ២៨លើកជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ ដែលត្រូវបានបង្កើតឡើងនៅចន្លោះខែមេសា និងខែធ្នូ ឆ្នាំ២០១៧។ លោក Guardiola បានប្រាប់ថា៖ «នៅរដូវរងា ក្នុងប្រទេសអង់គ្លេស វាជាដំណាក់កាលដ៏លំបាកបំផុត ហើយនៅពេលនោះ យើងបានធ្វើរឿងដ៏អស្ចារ្យ»៕
ប្រភពព័ត៌មាន៖ Channel News Asia