បរទេស៖ Dean Henderson នឹងជំនួសកន្លែងរបស់ David De Gea ក្នុងជំនួបទល់នឹង Manchester City នៅថ្ងៃអាទិត្យនេះ ខណៈ De Gea បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសអេស្ប៉ាញ ក្រោយពីមិត្តរួមស្រីរបស់ខ្លួនទើបតែផ្តល់កំណើតអោយកូនដំបូងរបស់ពួកគេទាំង២នាក់។

De Gea បានខកខានក្នុងជំនួបទល់នឹង Crystal Palace ដោយបញ្ចប់លទ្ធផលស្មើ ០-០ កាលពីថ្ងៃពុធនៅ ហើយអ្នកចាត់ការ Ole Gunnar Solskjaer បានប្រាប់ពីមូលហេតុនៃអវត្តមានរបស់គាត់ថាជា “បញ្ហាផ្ទាល់ខ្លួន” ហើយវារឹតតែបានបង្ហាញយ៉ាងច្បាស់បន្ថែមទៀតក្រោយពី De Gea បានបង្ហោះរូបភាពទារកម្នាក់កាលពីថ្ងៃសុក្រនៅលើបណ្តាញសង្គម។

លោក Solskjaer មានទំនុកចិត្តថា Henderson បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Etihad នាចុងសប្តាហ៍នេះ ខណៈ Man City មិនដែលចាញ់ក្នុង២៨ប្រកួតចុងក្រោយរបស់ពួកគេនៅឡើយទេ ដោយឈ្នះ២១ប្រកួតជាប់ៗគ្នា។ Solskjaer បាននិយាយថា៖ «ខ្ញុំនឹងផ្តល់ពេលវេលាអោយ De Gea ដែលគាត់ចង់បាន មុននឹងគាត់ត្រលប់មកវិញ។ De Gea ចង់ទៅទីនោះ (មើលមិត្តស្រីរបស់ខ្លួនសម្រាលកូនដំបូងនៅប្រទេសអេស្ប៉ាញ)។ Dean Henderson ក៏បានត្រៀមខ្លួនរួចជាស្រេច ដូចនេះយើងនឹងផ្តល់ពេលវេលាអោយ De Gea ច្រើនបំផុតដែលគាត់ចង់បាន»៕
ប្រភពព័ត៍មាន៖ OneFootball
