បរទេស៖ ក្រុម Real Madrid បាន​គេ​ចផុត​ពី​ការ​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួលក្រុម Atalanta ក្នុងលទ្ធ​ផល ៣-១ ដើម្បី​ឈ្នះ​ទាំង​២​ជើង ៤-១ និង​​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជាលើក​ទី​១​ក្នុង​រយៈ​ពេល​​៣​ឆ្នាំ។​

ខ្សែ​ការ​ពារ Sergio Ramos បាន​​អប​អរ​ការ​វិល​​ចូល​លេង​វិញ​ពី​បញ្ហា​របួស​របស់​គេ តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ ក្រោយពី​ខ្សែ​ប្រយុទ្ធ Karim Benzema បាន​បន្ត​ភាព​មុតស្រួច​របស់​គេក្នុង​តំបន់​ប្រយុទ្ធ តាម​រយៈ​​​ការ​ដណ្តើម​យក​ប្រៀបពី​ការ​ប្រព្រឹត្តកំហុស​របស់​អ្នក​ចាំ​ទី Marco Sportiello ដើម្បី​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​។ Luis Muriel បាន​រក​គ្រាប់បាល់​បាន​១​គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ ប៉ុន្តែ ក្តី​សង្ឃឹម​នៃ​ការ​វាយ​បក​វិញ​របស់​ពួកគេ បាន​បញ្ចប់​នៅពេល​ដែល Marco Asensio រក​បាន​គ្រាប់បាល់​ទី​៣​សម្រាប់​ក្រុម Real Madrid​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Manchester City បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រ​ប​ខ័ណ្ឌ Champions League ដោយ​ងាយ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុតបញ្ចូល​ទីនៅ​ដើម​តង់​​របស់កីឡាករ Kevin De Bruyne និង Ilkay Gundogan បាន​​ជួយ​ឲ្យ​ពួក​គេ​ផ្តួលក្រុម Borussia Moenchengladbach ក្នុង​លទ្ធផល ២-០ ក្នុង​ទីក្រុង Budapest កាលពីថ្ងៃ​អង្គារ និង​ដើម្បី​ឈ្នះ​ទាំង​២​ជើង ៤-០៕

ប្រភព​ព័ត៌​មាន៖ Channel News Asia