បរទេស៖ លោក Ole Gunnar Solskjaer បានបញ្ជាក់ថា Diogo Dalot នឹងមិនចាកចេញពីក្រុមបិសាចក្រហមនៅរដូវកាល ថ្មី២០២១-២០២២ខាងមុខឡើយ។ កីឡាករដែលត្រូវបានអតីតគ្រូបង្វឹកលោក Mourinho នាំយកពីក្លឹប Porto បានតស៊ូ ដណ្តើមតំណែងជម្រើសតំបូងជាមួយ Aaron Wan-Bissaka នៅតួនាទីខ្សែការពារស្លាបខាងស្តាំមុនពេលត្រូវក្លិបយក្ស អ៊ីតាលី AC Milan ខ្ចីជើងកាលពីឆ្នាំមុន។

កីឡាករអន្តរជាតិព័រទុយហ្គាល់ Dallot បានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៍ក្នុងកំឡុងពេលយុទ្ធនាការ Europa League របស់ក្រុម Rossoneri ក៏ដូចជានៅលីកកំពូលអ៊ីតាលី Serie A។ បើទោះបីជា Man Utd ត្រៀមបញ្ចេញកីឡាករមួយចំនួននៅពេលបញ្ចប់រដូវកាលនេះ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវេបានច្រានចោលពីលទ្ធភាពនៃការចាកចេញជាអចិន្រ្តៃយ៍សម្រាប់កីឡាករវ័យ ២២ ឆ្នាំរូបនេះទេ។

មុនការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍ជាមួយក្រុម AC Milan លោក Solskjaer បាននិយាយយ៉ាងខ្លីទាក់ទងចំនុចនេះថា៖ «យើងនៅមានផែនការសម្រាប់ Diogo ជានិច្ចមិនថាពេលនេះ និងរដូវកាលបន្ទាប់»។ Dallot បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់និងបង្កើត ២ គ្រាប់បន្ថែមទៀតសម្រាប់ក្រុម AC Milan ករាល់ការប្រកួតទាំងអស់នារដូវកាលនេះហើយរូបគេអាចនឹងចាប់ផ្តើមប្រកួតជាមួយក្លឹបដែលជាអាណាព្យាបាលរបស់ខ្លួនគឺMan.Utd នៅថ្ងៃព្រហស្បតិ៍នេះស្របពលដែល កីឡាករ Davide Calabriaមានបញ្ហារបួស៕
ប្រភពព័ត៍មាន៖ Sportsmole
