បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ជាលើក​ទី​៧៦៨​របស់​គេ​កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែលក្រុម Barcelona បាន​វាយ​បក​ផ្តួលក្រុម​ Real Sociedad ក្នុង​លទ្ធ​ផល ៦-១ ដើម្បី​រក្សា​ការ​ដាក់​សម្ពាធ​លើ​ក្រុម Atletico Madrid ដែល​បាន​ផ្តួល​​ក្រុម Alaves ទាំង​ប្រផិត​ប្រផើយ ក្រោយពី​ការ​សង្គ្រោះ​បាល់​ដ៏ល្អ​របស់ Jan Oblak​។

ការ​សង្គ្រោះ​បាល់​​​នៅនាទី ទី​៨៦របស់​អ្នក​ចាំ​ទី Oblak ដើម្បី​​រា​រាំង​ការ​ព្យា​យាម​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Joselu និង​​ជួយ​ឲ្យ​ក្រុមដណ្តើម​បាន​ជ័យ​ជម្នះ ១-០ តាមរយៈ​គ្រាប់​បាល់របស់ Luis Suarez នៅ​កីឡដ្ឋាន Wanda Metropolitano​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម Atletico នៅ​តែ​នាំមុខ​៤ពិន្ទុ​នៅលើ​កំពូល​តារាង La Liga ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​១០​លើក​ទៀត​។ ប៉ុន្តែ ភាព​ផ្ទុយ​គ្នា​រវាង​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​ស្តួច​ស្តើង​របស់ Atletico លើ​ក្រុម​ឈរ​លេខ​១៩ Alaves និង​ជ័យ​ជម្នះ​របស់​ក្រុម Barca លើ​ក្រុម Real Sociedad បង្ហាញ​​ឲ្យ​ឃើញ​ពី​សន្ទុះ​​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​លីក​របស់​អេ​ស្ប៉ាញ​​។

ក្រុម Atletico សង្ឃឹម​ថា ការ​សង្គ្រោះ​បាល់​របស់ Oblak អាច​បង្ហាញពី​ចំណុច​ផ្លាស់ប្តូរ​មួយ ក្រោយពី​​ជួប​សប្តាហ៍​ដ៏​ត្រដាប​ត្រដួស ស្រប​ពេល​ដែល​ការ​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ អាច​នឹង​​ផ្តល់​ឱកាស​ដល់​ក្រុម​របស់​លោក Diego Simeone រៀប​ចំ​ឡើ​ងវិញ និង​​មាន​​ភាព​ក្លែវ​ក្លា​ជា​ថ្មី​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia