បរទេស៖ អនាគតរបស់ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថានៅតែមានភាពស្រពេចស្រពិលនៅឡើយ ទោះបីជាខ្សែប្រយុទ្ធ Neymar Jr ខិតជិតក្នុងបន្តកុងត្រាថ្មីជាមួយនឹងក្លឹបក៏ដោយ។
កុងត្រារបស់ខ្សែប្រយុទ្ធទាំង២រូបនឹងត្រូវផុតកុងត្រានៅឆ្នាំ២០២២នេះហើយ ខណៈ Neymar គេសម្លឹងឃើញរូបគេត្រៀមនឹងបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំទៀតជាមួយនឹង PSG ទោះយ៉ាងណាក៏ដោយមានពាក្យចរចាមរាមមួយចំនួនទាក់ទងនឹងការពិភាក្សាអំពីអនាគតរបស់ Mbappe ខណៈដែលអតីតកីឡាកររបស់ Monaco រូបនេះត្រូវបានគេរាយការណ៍ថាជាគោលដៅអាទិភាពសម្រាប់ Real Madrid នៅក្នុងទីផ្សារដោះដូរនាពេលខាងមុខនេះ។

បើយោងតាម Marca បានអោយដឹងថាទំនាក់ទំនងល្អរវាង Mbappe និង Neymar អាចបញ្ចុះបញ្ចូលអោយពួកគេទាំង២នាក់នៅជុំគ្នាបន្តទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេមើលឃើញថា Mbappe ចង់បន្តលេងអោយ PSG យ៉ាងហោចណាស់ត្រឹមមួយរដូវកាលទៀតប៉ុណ្ណោះ លើសពីនេះតាមរបាយការណ៍បានអះអាងថាលុយមិនមែនបញ្ហាសម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះទេ ប៉ុន្តែប្រសិនបើ Mbappe មិនព្រមចុះកុងត្រាថ្មីទេនោះ ក្លឹប PSG នឹងសម្រេចចិត្តលក់កីឡាកររូបគេនៅទីផ្សារខាងមុខនេះហើយ ព្រោះពួកគេមិនចង់បាត់បង់កីឡាកររូបនេះនៅឆ្នាំ២០២២ដោយមិនបានអ្វីទាល់តែសោះ៕
ប្រភពព័ត៍មាន៖ Sportsmole
