បរទេស៖ ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍បានត្រៀមខ្លួនក្នុងការប្រជែងយកខ្សែប្រយុទ្ធឆ្នើមរបស់ Manchester City កីឡាករ Sergio Aguero ដើម្បីយកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួននៅរដូវកាលក្រោយ។
កុងត្រារបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះជាមួយនឹងក្លឹប Man City គឺនៅសល់ត្រឹមតែ៣ខែទៀតប៉ុណ្ណោះ ហើយគេជឿជាក់ថាខ្សែប្រយុទ្ធរូបនឹងមិនបន្តកុងត្រាថ្មីជាមួយនឹង Man City បន្តទៀតទេ។ ទោះបីជាអាយុរាងច្រើនបន្តិច និងទើបតែជាសះស្បើយពីរបួសរយៈពេលវែងក៏ពិតមែន ប៉ុន្តែគេសង្កេតថាកីឡាករបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុប ដូចជា Chelsea, Barcelona និង Real Madrid សុទ្ធតែគេជឿជាក់ថាកំពុងតែតាមប្រមាញ់លើកីឡាកររូបនេះ។
លើសពីនេះបើយោងទៅតាមសារព័ត៍មាន La Gazzetta dello Sport បានអោយដឹងថាក្លឹប Juventus មានបំណងចង់បង្ហាញ Cristiano Ronaldo ថាពួកគេមានសមត្ថភាពអាចចុះកុងត្រាយកកីឡាករល្បីឈ្មោះបាន ទោះបីជាពួកគេមិនអាចរក្សាតំណែងជើងឯកពានរង្វាន់ Serie A នៅរដូវកាលនេះបានក៏ដោយ ហើយ Aguero គឺនៅក្នុងបញ្ចីកីឡាករដែលក្លឹបមានបំណងនាំចូលនៅរដូវក្តៅខាងមុខ។ បើតាមរបាយការណ៍ក៏បានអះអាងផងដែរថាក្លឹបមានបំណងក្នុងការនាំយក Moise Kean មកវិញ ដែលបច្ចុប្បន្នរូបគេកំពុងតែលេងនៅ PSG ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Everton ប៉ុន្តែកីឡាកររូបនេះទំនងជាត្រូវក្លឹប PSG ចុះកុងត្រាជាអចិន្ត្រៃយ៍ហើយនៅពេលចប់រដូវកាលនេះ។ គួរបញ្ចាក់ផងដែរថា Aguero អាចរកបានត្រឹមតែ៣គ្រាប់ប៉ុណ្ណោះសម្រាប់រដូវកាល២០២០/២១នេះ ដោយសារតែរូបគេមានបញ្ហារបួសញាំញីជាញឹកញាប់៕
ប្រភពព័ត៍មាន៖ Sportsmole