បរទេស៖ លោក Thomas Tuchel លើកឡើងថាការឈានដល់វគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions Leagueគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយក្រោយពីខកខានចាប់តាំងពីឆ្នាំ ២០១៤ មក។គ្រាប់បាល់ទាត់បកចេកទៅក្រោយដ៏ល្អរបស់កីឡាករ Mehdi Teremi នៅម៉ោងបន្ថែមជិតបញ្ចប់ការប្រកួតក្រោយការបញ្ជូនពីស្លាបខាងស្តាំរបស់ Nanu មិនអាចគ្រប់គ្រាន់ដើម្បីទម្លាក់ Chelseaត្រឹមវគ្គ ៨ក្រុមចុងក្រោយបាននោះទេ ។ ក៏ព្រោះតែបន្ទាប់ពីការប្រកួតជើងទី១នៅទឹកដី Estadio R.Sanchez Pizjuan នាទីក្រុងSeville ប្រទេសអេស្បាញនេះ Chelsea បាននាំមុខក្នុងលទ្ធផល២ទល់និង០ ដូច្នេះសរុបការប្រកួតទាំងពីរលើក គឺ Chelsea ២:១ Porto។

ជ័យជំនះនេះនាំអោយChelsea និងបន្តជួបហង្សក្រហម Liverpoolរឺ Real Madrid ដែលត្រូវជួបប្រកួតគ្នាជើងទី២នៅរាត្រីថ្ងៃពុធនេះដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រក្រោយពីក្រុមលោកZinedine Zidane បាននាំមុខក្នុងលទ្ធផល ៣ទល់និង១ កាលពីជើងទី១។

គួររំលឹកថាChelsea ឈរនៅចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង Premier League នៅពេលអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ ចូលមកដឹកនាំកាលពី ខែមករា យ៉ាងណាមិញអតីតគ្រូបង្វឹកPSGបានជួយក្រុមឈានដល់ចំណាត់ថ្នាក់កំពូលទាំង ៤ និងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហើយឥឡូវនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions Leagueបន្តទៀត៕
ប្រភពព័ត៍មាន៖ BBC
 
                