បរទេស៖ ក្លិប Manchester City, Manchester United, Liverpool, Arsenal, Tottenham និង Chelsea កាលពីថ្ងៃអង្គារ បានដកខ្លួនចេញពីសំណើបង្កើតពាន European Super League (ESL) ស្របពេលដែផែនការដ៏ចម្រូងចម្រាស់នេះ បានដួលរលំដោយសារតែការការបញ្ចេញប្រតិកម្មតបវិញយ៉ាងខឹងសម្បារ។
Man City គឺជាក្លិបដំបូងគេដែលបានដកខ្លួនចេញ ក្រោយពី Chelsea បានបង្ហាញពីសញ្ញានៃបំណងរបស់ពួកគេ តាមរយៈការរៀបចំឯកសារនានា ដើម្បីដកខ្លួនចេញ។ ស្របពេលជាមួយគ្នានេះ ក្លិបធំៗផ្សេងទៀតនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Atletico Madrid, AC Milan, Inter Milan និង Juventus នៅតែស្ថិតក្នុងគម្រោងមួយនេះនៅឡើយទេ។ ការបញ្ចេញប្រតិកម្មទៅនឹងគម្រោងនេះ បានកើតឡើងយ៉ាងខ្លាំងក្លា ខណៈដែលទាំងអ្នកនយោបាយ និងអាជ្ញាធរកីឡាបាល់ទាត់ បានគំរាមចាត់វិធានការផ្នែកច្បាប់ប្រឆាំងនឹង «ក្លិបដែលមានគំនិតអាក្រក់ទាំង១២» តាមរយៈការបញ្ជាក់ថា ក្លិបទាំងនោះនឹងប្រឈមមុខនឹងការជាប់ពិន័យព្យួរ ពីយុទ្ធនាការក្នុងស្រុក និងប្រចាំទ្វីប។
Man United ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ២០សម័យកាល បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Manchester United នឹងមិនចូលរួមក្នុង European Super League ឡើយ។ យើងបានស្តាប់យ៉ាងយកចិត្តទុកដាក់នឹងប្រតិកម្មពីអ្នកគាំទ្ររបស់យើង រដ្ឋាភិបាលចក្រភពអង់គ្លេស និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

