បរទេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Manchester City បានរិះគន់ទៅលើរូបមន្តរបស់ពាន European Super League តាមរយៈការបញ្ជាក់ថា រូបមន្តនេះ មិនមែនជាកីឡាឡើយ ព្រោះការជោគជ័យត្រូវបានធានាឲ្យរួចជាស្រេច។
Man City គឺជាក្លិបមួយក្នុងចំណោមក្លិបទាំង១២ ដែលបានចុះហត្ថលេខាលើសំណើនៃការបង្កើតពាននេះ រួមជាមួយនឹងក្លិប Manchester United, Liverpool, Chelsea, Arsenal, Tottenham, Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan និង AC Milan។ ក្របខ័ណ្ឌ Super League នឹងផ្តល់កៅអីសម្រាប់សមាជិកដែលស្ថាបនិកទាំង១៥ ជារៀងរាល់ឆ្នាំ ដើម្បីលុបចោលភាពមិនច្បាស់នៃការឈ្នះសិទ្ធិទៅប្រកួត និងហានិភ័យនៃការបាត់បង់ប្រាក់ចំណេញ។ លោក Guardiola បានឲ្យកាលពីថ្ងៃអង្គារថា៖ «រូបមន្តបែបនេះ មិនមែនជាកីឡាឡើយ នៅពេលដែលទំនាក់ទំនងរវាងកិច្ចខិតខំប្រឹងប្រែង និងរង្វាន់ មិនមាន។ វាមិនមែនជាកីឡាឡើយ នៅពេលដែលភាពជោគជ័យត្រូវបានធានាឲ្យរួចជាស្រេច។
វាមិនមែនជាកីឡាទេ ប្រសិនបើអ្នកមិនបារម្ភសោះទោះបីជាចាញ់ក៏ដោយ»។ លោកបានបន្ថែមទៀតថា៖ «វាមិនមានភាពយុត្តិធម៌ឡើយ នៅពេលដែលក្រុមមួយខំប្រយុទ្ធរហូតដល់ចំណុចកំពូល ហើយក្រោយមក មិនអាចឈ្នះកៅអីទៅលេង ពីព្រោះភាពជោគជ័យត្រូវបានធានាឲ្យសម្រាប់តែក្លិបតែប៉ុន្មានប៉ុណ្ណោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia