បរទេស៖ គ្រូបង្វឹករបស់ក្រុមតោខៀវChelsea លោក Thomas Tuchel បានបំបែកកំនត់ត្រាអតីតគ្រូបង្វឹកលោកJose Mourinho ក្រោយពីក្រុមរបស់លោកបានផ្តួលក្រុមកំពុងតស៊ូបន្តរស់នៅក្របខណ្ឌPremier Leagueគឺ Fulham ក្នុងលទ្ធផល ២ទល់និង០។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើKai Havertz ដែលជម្រុញអោយក្រុមបន្តក្តីសង្ឃឹមបញ្ចប់រដូវកាល ក្នុងចំណាត់ថ្នាក់Top ៤ ពេលបញ្ចប់រដូវកាលដែលនៅសល់៤ប្រកួតទៀតប៉ុណ្ណោះខណៈFulham បច្ចុប្បន្នឈរនៅចំណាត់ ថ្នាក់ទី១៨ដែលស្ថិតក្នុងតំបន់កាត់ចោលនៅឡើយ។
ជ័យជំនះសប្តាហ៏ទី៣៤នេះគឺបានជួយអោយអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ លោក Tuchel បង្កើតកំនត់ត្រាមិនអោយគូប្រកួតស៊ុតបញ្ចូលទីបានរហូតដល់ទៅ១១ដង(Cleansheet)ក្នុងចំណោមការប្រកួតនៅលីកកំពូលអង់គ្លេសសរុប ១៥លើក ចុងក្រោយដោយបំបែកកំនត់ត្រាអតីតអ្នកចាត់ការ Chelsea លោក Jose Mourinho និងលោក Luiz Felipe Scolari ដែលធ្លាប់ដឹកនាំក្លឹបមិនអោយរបូតគ្រាប់បាល់ត្រឹមតែ១០ប្រកួតក្នុងចំណោមការប្រកួត១៥លើករបស់ខ្លួន ។
ក្រោយពីគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះចូលមកដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិច កាលពីចុងខែ មករាជំនួសលោក Frank Lampard ក្លឹបបានកែប្រែមុខមាត់ និង មានការអភិវឌ្ឍទម្រង់លេងបានកើនឡើងគួរអោយកត់សម្គាល់។ ពោលគឺChelsea បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ FA Cup និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដោយត្រៀមប្រកួតជើងទី២ ក្រោយស្មើគ្នាជើងទី១ជាមួយក្រុមម្ចាស់ផ្ទះអធិរាជសReal Madrid៕
ប្រភពព័ត៍មាន៖ Goal