បរទេស៖ លោក Pep Guardiola កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យកីឡាករនៃក្រុម Manchester City របស់លោក គ្រប់គ្រងការរំជួលចិត្តរបស់ខ្លួន ប្រសិនបើពួកគេចង់ឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាលើកទី១របស់ពួកគេ ខណៈដែលពួកគេនឹងនាំយកការនាំមុខ ២-១ ទៅកាន់ការប្រកួតជើងទី២ជាមួយនឹងក្រុម Paris Saint-Germain វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះ។
Man City បានវាយបកតាមពីក្រោយ តាមរយៈការបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតង់ទី២ ក្នុងរដ្ឋធានីរបស់បារាំង កាលពីសប្តាហ៍មុន ដើម្បីបោះមួយជំហានឆ្ពោះទៅកាន់គោលដៅដែលពួកគេកំពុងតែព្យាយាមសម្រេចឲ្យបាន បើគិតចាប់តាំងពីការចូលកាន់កាប់របស់លោកមហាសេដ្ឋី Sheikh Mansour ក្នុងឆ្នាំ២០០៨ បានផ្លាស់ប្តូរជោគវាសនារបស់ក្លិបនេះទាំងស្រុង។ លោក Guardiola បានឈ្នះពាន Champions League ២លើក ក្នុងនាមជាគ្រូបង្វឹក នៅពេលដែលដឹកនាំក្លិប Barcelona ប៉ុន្តែមិនធ្លាប់បានឈ្នះសោះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈដែលលោកបានរងការធ្លាក់ចេញជាបន្តបន្ទាប់ពីយុទ្ធនាការកំពូលរបស់អឺរ៉ុប ក្នុងនាជាគ្រូបង្វឹករបស់ក្លិប Barca, Bayern Munich និង Man City។ សម្រាប់ការប្រកួតនៅរាត្រីនេះ លោក Guardiola បានជំរុញឲ្យកីឡាកររបស់លោករក្សាការផ្តោតអារម្មណ៍ដូចគ្នាដែលពួកគេមាននៅរដូវកាលនេះ ដើម្បីទម្លាក់ជើងខ្លាំង PSG។
លោក Guardiola បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានរបស់លោកថា៖ «វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ តែងតែជាការប្រកួតដ៏តានតឹងបំផុត ពោលគឺស្វិតស្វាញជាងវគ្គផ្តាច់ព្រ័ត្រទៅទៀត។ យើងត្រូវតែគ្រប់គ្រងការរំជួលចិត្តរបស់យើង ដើម្បីសម្រេចឲ្យបានសមិទ្ធិផលដែលយើងត្រូវតែសម្រេចឲ្យបាន»៕
ប្រភពព័ត៌មាន៖ Channel News Asia