បរទេស៖ Paris St Germain នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយថា តើខ្សែប្រយុទ្ធ Kylian Mbappe អាចចូលលេងដើម្បីប្រកួតជាមួយនឹងក្រុម Manchester City ក្នុងជើងទី២នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬអត់។
នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Mauricio Pochettino កាលពីថ្ងៃចន្ទ។ Mbappe ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ PSG នៅរដូវកាលនេះ តាមរយៈការរកបាន២៥គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 និង៨គ្រាប់ក្នុងក្របខ័ណ្ឌអឺរ៉ុប បានអវត្តមានក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Lens កាលពីថ្ងៃសៅរ៍ ដោយសារតែរបួសកំភួនជើង។ រូបភាពវីដេអូដែលត្រូវបានបង្ហោះនៅលើបញ្ហាសង្គម បានបង្ហាញថា Mbappe បានដើរទាំងមានរហួសពេលធ្វើដំណើរទៅដល់ទីក្រុង Manchester សម្រាប់ការប្រកួតនៅរាត្រីនេះ នាកីឡដ្ឋាន Etihad ប៉ុន្តែ លោក Pochettino នឹងធ្វើការវិភាគចុងក្រោយរបស់លោក ក្រោយពីការហ្វឹកហាត់របស់ក្រុម។
លោក Pochettino បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងត្រូវតែវិភាគលើ Kylian ដោយនៅថ្ងៃនេះ រូបគេនឹងចាប់ផ្តើមការហ្វឹកហាត់ជាលក្ខណៈបុគ្គល ហើយយើងនឹងរង់ចាំមើលថា រូបគេនឹងចូលលេងជាមួយនឹងក្រុម ឬអត់។ យើងនៅសល់ពេល១ថ្ងៃទៀត យើងមិនសម្រេចចិត្តពេលនេះឡើយ ហើយយើងនឹងរង់ចាំមើលនៅថ្ងៃស្អែកនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia