បរទេស៖ ក្រោយ​ពី​ជួប​ការ​ខក​ចិត្ត​អស់រយៈ​ពេល​១​ទស​វត្សរ៍ លោក Pep Guardiola វិល​ទៅកាន់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​​ផ្តាច់​ព្រ័ត្រ​វិញ និង​នៅ​សល់​ត្រឹម​តែ​១​ប្រកួត​​ទៀត​ប៉ុណ្ណោះ ក្នុង​ការ​ជួយ​ឲ្យ Manchester City ឈ្នះ​ពាន​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប ជាលើក​ទី​១​។

ក្នុងការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​រវាង​ក្លិប​ដែល​សម្បូរ​ដោយ​ធន​ធាន​ទាំង​២ Man City បាន​រក្សា​អារម្មណ៍​ស្ងប់​របស់ខ្លួន ដើម្បី​ផ្តួលក្រុម Paris Saint-Germain ក្នុងលទ្ធ​ផល​ទាំង​២​ជើង ៤-១ ខណៈ​ដែលក្រុម​ម្ចាស់​ជើង​​ឯក​បារាំងមួយនេះ បាន​ជួប​ការ​ខកចិត្ត​ដោយ​សារ​តែ​ការ​មិន​ចេះ​គ្រប់គ្រង​​អារម្មណ៍​របស់ខ្លួន ក្នុងការ​ប្រកួត​ទាំង​២​ជើង​នៃ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​។ ការ​ឈាន​ទៅ​ប្រកួត Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយនឹងក្រុម Real Madrid ឬ Chelsea សម្រាប់ក្រុម Man City គឺ​ការ​ឈាន​ដល់​ចំណុច​កំពូលរបស់ខ្លួន បើ​គិត​ចាប់​តាំងពី​ការចូលកាន់​កាប់​របស់​​មហា​សេដ្ឋ​ត្រកូល Abu Dhabi ក្នុង​ឆ្នាំ​២០០៨ បាន​ផ្លាស់​ប្តូរ​ជោគ​វាស​នា​របស់​ពួកគេ​។

លោក Guardiola បាន​ឲ្យដឹងថា៖ «ពិត​ណាស់​ យើង​បណ្តាក់​ទុន​ជាច្រើន បើ​គិត​ចាប់​តាំងពីលោក Sheikh Mansour បានចូលកាន់​កាប់ ប៉ុន្តែ មាន​រឿង​ជាច្រើន​ដែល​ស្ថិត​ពីក្រោយ​ចំណុច​ទាំងនេះ​។ ការ​ឈាន​ទៅវ​គ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង Champions League ជួយ​ឲ្យ​យើង​ស្គាល់​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​យើងបាន​ធ្វើក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយនេះ​»​៕

ប្រភព​​ព័ត៌មាន៖ Channel News Asia