បរទេស៖ លោក Thomas Tuchel បានកោតសរសើរការស្រេកឃ្លានរបស់ក្រុមតារាឆ្នើម Chelsea ខណៈដែលពួកគេបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ២-០ លើក្រុម Real Madrid កាលពីថ្ងៃពុធ។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Timo Werner និងខ្សែបម្រើ Mason Mount បានជួយឲ្យ Chelsea កក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី១ បើគិចាប់តាំងពីពួកគេបានឈ្នះពានយុទ្ធនាការនេះ ជាលើកដំបូងកាលពីឆ្នាំ២០១២។ ក្រុមរបស់លោក Tuchel នឹងត្រូវប៉ះជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា គឺ Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Istanbul នាថ្ងៃទី២៩ ខែឧសភា ការដណ្តើមបានជ័យជម្នះទាំង២ជើងក្នុងលទ្ធផល ៣-១ របស់ Chelsea ពិតជាលទ្ធផលដ៏សក្តិសម ខណៈដែលពួកគេបានបង្ហាញពីទម្រង់លេងដ៏រឹងមាំក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នាកីឡដ្ឋាន Stamford Bridge ដោយបានរារាំងតំបន់ប្រយុទ្ធរបស់ Real ទាំងស្រុង និងវាយបកវិញយ៉ាងល្អ។
ពួកគេគួរតែអាចឈ្នះជាមួយនឹងគ្រាប់បាល់ច្រើនជាងនេះ ហើយលោក Tuchel ពិតជារំភើបចំពោះទម្រង់លេងរបស់ក្រុមខ្លួន។ លោក Tuchel បានឲ្យដឹងថា៖ «មានការលំបាកបន្តិចក្នុងតង់ទី១ នៅពេលដែលពួកគេបានគ្រប់គ្រងបាល់ច្រើនជាង និងដាក់សម្ពាធកលើយើង។ យើងលេងបានល្អក្នុងពេលវាយសម្រុករហ័ស ប៉ុន្តែមិនដែលបាត់បង់ការផ្តោតលើតំបន់ការពារឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia


