បរទេស៖ ក្រុម Manchester United នឹងត្រូវលេងការប្រកួតក្របខ័ណ្ឌ Premier League ៣លើកក្នុងរយៈពេល៥ថ្ងៃ ក្រោយពីការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Liverpool ដែលត្រូវបានពន្យារ ត្រូវបានរៀបចំឡើងវិញឲ្យប្រកួតនៅថ្ងៃទី១៣ ខែឧសភា។
Man United ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool កាលពីថ្ងៃអាទិត្យ ប៉ុន្តែ ការប្រកួតនេះ ត្រូវបានពន្យារពេល ក្រោយពីអ្នកគាំទ្ររាប់រយនាក់ បានសម្រុកចូលក្នុងកីឡដ្ឋាន Old Trafford ដើម្បីតវ៉ាប្រឆាំងនឹងម្ចាស់ក្លិបត្រកូល Glazer។ អ្នកតវ៉ាដែលខឹងសម្បាចំពោះការចូលរួមរបស់គ្រួសារ Glazers ក្នុងគម្រោងបង្កើតពាន European Super League បានធ្វើឲ្យខូចខាតនៅខាងក្នុងកីឡដ្ឋាន Old Trafford និងបានដុតភ្លើងកាំជ្រួច ស្របពេលដែលប៉ូលិស បានបាញ់ផ្សែងបង្ហូរទឹកភ្នែក នៅខាងក្រៅកីឡដ្ឋាន។
ការប្រកួតនេះ បច្ចុប្បន្ន នឹងត្រូវរៀបចំឡើងវិញនៅថ្ងៃទី១៣ ខែឧសភា ពោលគឺ មុនពេលក្រុម Man United ធ្វើដំណើរទៅជួបក្រុម Aston Villa នាថ្ងៃទី៩ ខែឧសភា និងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leicester នៅថ្ងៃទី១១ ខែឧសភា។ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ Man United ទំនងមិនចាប់អារម្មណ៍ទៅនឹងកម្មវិធីប្រកួតដ៏មមាញឹកនេះឡើយ ខណៈដែលរដូវកាលនេះ ជិតឈានដល់ទីបញ្ចប់ទៅហើយនោះ៕
ប្រភពព័ត៌មាន៖ Channel News Asia