បរទេស៖ Jesse Lingard អាចនឹងត្រលប់មកកាន់ Manchester United វិញ ដោយសារតែក្លឹប West Ham United គឺមិនមានលទ្ធផលគ្រប់គ្រាន់ក្នុងការចុះកុងត្រាយកកីឡាកររូបនេះជាអចិន្ត្រៃយ៍ទេ។
ខ្សែបម្រើវ័យ២៨បានបង្ហាញទម្រង់របស់ខ្លួនបានយ៉ាងល្អឡើងវិញក្រោយពីផ្ទេរទៅកាន់ក្លឹប West Ham ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Man Utd កាលពីខែមករាកន្លងទៅ ហើយថែមទាំងបានទាក់ទាញចិត្តគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ធ្ចើការកោះហៅកីឡាកររូបនេះចូលក្រុមជម្រើសជាតិវិញថែមទៀតផង។
អ្នកចាត់ការទូទៅលោក David Moyes គឺពិតជាចង់រក្សា Jesse Lingard អោយនៅ West Ham យូរបន្តទៀត ប៉ុន្តែយោងទៅតាម Daily Mail បានអោយដឹងថាក្លឹប West Ham United គឺមិនមានលទ្ធផលគ្រប់គ្រាន់ក្នុងការផ្តល់ប្រាក់ឈ្នះ១០០,០០០ផោនក្នុងមួយសប្តាហ៍អោយកីឡាកររូបនេះទេ ខណៈក្លឹបក៏កំពុងតែជួបវិបត្តិហិរញ្ញវត្ថុដោយសារការរីករាលដាលនៃជំងឺកូវីត-១៩ផងដែរ។ West Ham បានខាតបង់ទឹកប្រាក់ជាង៦៥លានផោនកាលពីរដូវកាលមុន ខណៈរដូវកាលនេះគេជឿជាក់ថាអាចនឹងខាតបង់ជាងរដូវកាលមុនទៀតផង។ Lingard បានបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ១៣ដងអោយក្លឹប West Ham ដោយរូបគេអាចរកបាន៩គ្រាប់ និង Assists បាន៤ដង៕
ប្រភពព័ត៍មាន៖ Sportsmole