បរទេស៖ អ្នកគាំទ្រដ៏ច្រើនរបស់ក្លិប Manchester City បានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Etihad ដើម្បីអបអរការឈ្នះពាន Premier League របស់ក្រុមខ្លួន ក្រោយពីក្រុម Manchester United បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Leicester កាលពីថ្ងៃអង្គារ។ អ្នកគាំទ្ររបស់ Man City ជាច្រើន បានបង្ហាញខ្លួនក្បែរកីឡដ្ឋាន Etihad ដើម្បីចាប់ផ្តើមអបអរការឈ្នះពាន ក្រោយពីបានឃើញលទ្ធផលពីការប្រកួតក្នុងទីក្រុង Manchester នាកីឡដ្ឋាន Old Trafford។
ក្រុមរបស់លោក Pep Guardiola បានឈ្នះពាន Premier League ជាលើកទី៣របស់ខ្លួន ក្នុងរយៈពេល៤រដូវកាលនេះ ខណៈដែលនៅសល់ការប្រកួត៣លើកទៀត។ អ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនាការប្រកួតក្របខ័ណ្ឌ Premier League ដោយផ្ទាល់ឡើយ ដោយសារតែការរិតត្បិតជុំវិញការឆ្លងរបស់វីរុសកូរ៉ូណា ខណៈដែលសេចក្តីសម្រេចនេះ នឹងត្រូវផ្លាស់ប្តូរនៅសប្តាហ៍ក្រោយ ពោលគឺចំពេលដែលអ្នកគាំទ្រចំនួន១០០០០នាក់របស់ Man City អាចមើលឃើញពីការលើកពានរបស់ក្រុមខ្លួនពេលប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Everton នៅថ្ងៃទី២៣ ខែឧសភា។
ប៉ុន្តែ ស្របពេលជាមួយគ្នានេះ Man City ជឿជាក់ថា នឹងអាចដង្ហែរពានតាមដងវិថីនានា ជុំវិញកីឡដ្ឋាន Etihad ដើម្បីអបអរកការឈ្នះពានរបស់ខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia