បរទេស៖ លោក Thomas Tuchel បាននិយាយថា Chelsea នឹងត្រូវប្រឈមមុខនឹង «ការប្រយុទ្ធដ៏ធំ» ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League ក្រោយពីការរងបរាជ័យរបស់ពួកគេក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Arsenal កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Tuchel បានខ្ជះខ្ជាយឱកាសក្នុងការឡើងឈរពីលើក្រុម Leicester City ក្នុងចំណាត់ថ្នាក់លេខ៣ ខណៈដែលកីឡាករ Emile Smith Rowe បានរកគ្រាប់បាល់ឈ្នះនៅតង់ទី១ នាកីឡដ្ឋាន Stamford Bridge។ ខ្សែបម្រើ Smith Rowe បានដណ្តើមយកប្រៀបពីការបញ្ជូនបាល់ថយក្រោយរបស់ Jorginho ដើម្បីធ្វើឲ្យលោក Tuchel រំពឹងទុកពីការប្រកួតដ៏តានតឹងនៅក្នុងការប្រជែងដើម្បីឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ក្រុមឈរលេខ៤ Chelsea កំពុងតែនាំមុខ៦ពិន្ទុលើក្រុមឈរលេខ៥ West Ham ដែលនៅសល់១ប្រកួតក្នុងដៃ និង៧ពិន្ទុលើក្រុមឈរលេខ៦ Liverpool ដែលនៅសល់២ប្រកួតក្នុងដៃ។
Chelsea នៅសល់ការប្រកួត២លើកទៀតក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុម Leicester និង Aston Villa ហើយលោក Tuchel បានឲ្យដឹងថា៖ «វាតែងតែជាការប្រជែងដ៏ធំមួយ។ ខ្ញុំមិនដែលមានអារម្មណ៍ធូរស្រាលឡើយ។ ប្រសិនបើកីឡាករណាម្នាក់មានអារម្មណ៍ធូរស្រាលនៅថ្ងៃនេះ វាគឺជាមេរៀនចុងក្រោយដែលត្រូវរៀន»៕
ប្រភពព័ត៌មាន៖ Channel News Asia