បរទេស៖ គ្រាប់បាល់ឈ្នះនៅនាទី ទី៩៥របស់អ្នកចាំទី Alisson Becker បានជួយឲ្យ Liverpool ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម West Bromwich Albion កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាប្រជែងរបស់ពួកគេដើម្បីដណ្តើមកៅអីក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។
ស្របពេលជាមួយគ្នានេះ ក្រុម Tottenham ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Wolves ដើម្បីស្ថិតក្នុងទីតាំងដ៏រឹងមាំ សម្រាប់កៅអីក្នុងក្របខ័ណ្ឌ Europa League ប៉ុន្តែ ក្តីសង្ឃឹមរបស់ Everton ក្នុងការទៅលេងក្នុងក្របខ័ណ្ឌអឺរ៉ុប បានជួបការរំខានដោយសារតែការរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Sheffield United នាកីឡដ្ឋាន Goodison Park។ គ្រាប់បាល់តែតបញ្ចូលទីយ៉ាងល្អរបស់ Alisson បានជួយឲ្យ Liverpool ស្ថិតក្នុងការប្រជែងដណ្តើមចំណាត់ថ្នាក់លេខ៤ បើទោះបីស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ក៏ដោយ។ ក្រុមរបស់លោក Jurgen Klopp ដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ចំនួន១ពិន្ទុ និងក្រុម Leicester ចំនួន៣ពិន្ទុ ខណៈដែលក្រុមទាំង២ នៅសល់ការប្រកួត២លើកទៀត។
ប៉ុន្តែ ស្របពេលដែល Leicester និង Chelsea នឹងត្រូវជួបគ្នាម្តងទៀត បន្ទាប់ពី FA Cup វគ្គផ្តាច់ព្រ័ត្រ ដែលក្រុម Leicester បានយកឈ្នះ ១-០ កាលពីថ្ងៃសៅរ៍ ការដណ្តើមបានជ័យជម្នះលើក្រុម Burnley និង Crystal Palace នឹងជួយឲ្យក្រុម Liverpool ឡើងឈរក្នុងចំណាត់ថ្នាក់លេខ៤៕
ប្រភពព័ត៌មាន៖ Channel News Asia