បរទេស​៖ ខ្សែ​ប្រយុទ្ធ Harry Kane របស់ក្លិប Tottenham បាន​ប្រាប់​ក្លិប​របស់ខ្លួន​ថា រូប​គេ​ចង់​ចាក​ចេញ​នៅ​ចុងរដូវ​កាល​នេះ​។ នេះ​បើយោង​ទៅ​តាម​ប្រភព​ព័ត៌​មាននានា​កាលពីថ្ងៃចន្ទ​។

បើតាម​ការ​ចេញផ្សាយ​របស់​ទូរអស្សន៍ Sky Sports កីឡាករ Kane មិន​ពេញ​ចិត្ត​ចំពោះ​ការអភិវឌ្ឍមិន​បាន​គ្រប់គ្រង​នៅក្នុងក្លិប Tottenham នា​រដូវកាល​នេះឡើយ និង​ចង់​ចាក​ចេញ ក្រោយពី​បាន​ចំណាយ​ពេល​អស់​រយៈពេល​១២​ឆ្នាំ​ជាមួយនឹង​ក្រុម​មាន​មូលដ្ឋាននៅ​ទីក្រុង​ឡុងដ៍​មួយនេះ​។ ប្រធានក្រុមនៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ ចង់​ដោះស្រាយ​រឿង​អនាគត​របស់គេ នៅមុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួតក្នុង​​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ នា​ថ្ងៃ​ទី​១១ ខែមិថុនា​។ កិច្ច​សន្យា​របស់ Kane ជាមួយនឹងក្លិប Tottenham នៅ​សល់​រយៈពេល​១​ឆ្នាំ​ទៀត ហើយ​លោក Daniel Levy ដែល​ជា​ប្រធាន​ក្លិប ត្រូវ​បាន​គេ​​ស្គាល់​ថា ជាមនុស្ស​ពិបាកក្នុងការ​ចរចា ខណៈ​ដែល​ករណីនេះ អាច​នឹង​បញ្ចប់​ក្តី​សង្ឃឹម​របស់ Kane វ័យ​២៧ឆ្នាំក្នុងការ​​ទទួល​បាន​ដំណោះស្រាយ​ភ្លាម​ៗ​។

Tottenham បាន​បដិសេធក្នុងការ​ពិភាក្សា​​លើ​អនា​គត​របស់ Kane ជា​សាធារណៈ ខណៈ​ដែលពួកគេ​ផ្តោត​លើការ​ប្រកួត​២លើក​ចុងក្រោយ​របស់​ពួកគេ ក្នុងក្រប​ខ័ណ្ឌ Premier League ដើម្បី​ប្រជែង​យកកៅអី Europa League​។ អ្នក​នាំពាក្យ​ម្នាក់​របស់ក្លិប បាន​ឲ្យដឹងថា៖ «យើង​នឹង​មិន​ធ្វើការបកស្រាយឡើយ​។ ការផ្តោត​អារម្មណ៍​របស់​យើង​គឺ​លើការ​បញ្ចប់​រដូវ​​កាល​នេះ​ឲ្យ​បាន​រឹង​មាំ​បំផុត​តាម​ដែលអាច​»៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia