បរទេស៖ ការប្រជែងយកកៅអីចុងក្រោយ២របស់ក្របខ័ណ្ឌ Champions League នឹងឈានដល់ដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យ ខណៈដែលក្រុម Chelsea, Liverpool និង Leicester City ត្រូវប្រជែងគ្នាដើម្បីយកកៅអីមួយក្នុងយុទ្ធនាការកំពូលអឺរ៉ុប។
Chelsea កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន៦៧ពិន្ទុ ហើយនិងឈ្នះកៅអីរបស់ខ្លួន តាមរយៈការដណ្តើមបានជ័យជម្នះលើទឹកដីក្រុម Aston Villa នៅថ្ងៃអាទិត្យ នៅមុនពេលពួកគេត្រូវជួបជាមួយនឹងក្រុម Manchester City ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ។ ទាំងក្រុម Liverpool និង Leicester City កំពុងតែដេញតាមពីក្រោយក្រុម Chelsea ១ពិន្ទុដូចគ្នា ប៉ុន្តែ Liverpool ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ឆ្នាំ២០១៩ មានប្រៀបខ្ពស់ជាង Leicester។
ការមិនស្គាល់ចាញ់សោះពីការប្រកួត៩លើកជាប់ៗវគ្នា រួមទាំងការឈ្នះការប្រកួត៤លើកចុងក្រោយរបស់ខ្លួន បានជួយឲ្យក្រុមរបស់លោក Jurgen Klopp ឡើងឈរពីលើក្រុម Leicester ដោយសារតែមានគ្រាប់បាល់ច្រើនជាងគេ។ ការមានគ្រាប់បាល់ច្រើនជាង៤គ្រាប់ មានន័យថា ប្រសិនបើ Liverpool ផ្តួលក្រុម Crystal Palace នៅថ្ងៃអាទិត្យ ក្រុម Leicester ត្រូវតែផ្តួលក្រុម Tottenham Hotspur តាមរយៈការស៊ុតបាល់បញ្ចូលទីឲ្យបានច្រើន ដើម្បីឈ្នះកៅអី Champions League ជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia