បរទេស៖ ស្រប​ពេល​ដែល​ព្រឹត្តិការណ៍ Euro 2020 នៅ​ឆ្នាំនេះ នឹង​ត្រូវ​រៀប​ចំឡើង​នៅក្នុង​ប្រទេស​ចំនួន​១១ នៅកីឡដ្ឋាន​ទាំង​១១ ដូចគ្នា ទូ​ទាំង​អឺ​រ៉ុប ក៏​មានការ​កើន​ឡើង​ប្រាក់​រង្វាន់​សម្រាប់ក្រុម​ម្ចាស់​ជើង​​ឯក ក៏ដូច​ជាក្រុម​ដែល​ឈ្នះ​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​យុទ្ធនាការ​ខាង​មុខ​នេះ​ផ​ដែរ​។ ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប​រយៈពេល​៤​ឆ្នាំម្តង​មួយ​​នេះ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី​១១ ខែ​មិថុនា ដល់​ទី​១១​ខែកក្កដា ឆ្នាំ​២០២១ មាន​កញ្ចប់​ប្រាក់​រង្វាន់​សរុប ៤៥៦ លាន​អឺ​រ៉ូ (ស្មើ​នឹង555លាន​ដុល្លារ​អាមេរិក) ហើយ​បើ​ធៀប​ទៅនឹង​ព្រឹត្តិការណ៍​ក្នុងឆ្នាំ​២០១៦ នៅ​ប្រទេស​បារាំង​​ មាន​តែ​៣៣៧​លាន​អឺ​រ៉ូ ប៉ុណ្ណោះ។

កាលពី​5​ឆ្នាំមុន ក្រុម​ដែលចូលរួម​ប្រកួត ទទួលបាន​ទឹកប្រាក់​រង្វាន់​ត្រឹម​តែ៨លានអឺ​រ៉ូប៉ុណ្ណោះ (ស្មើនឹង​៩,៧៣លានដុល្លារ​អាមេរិក)​ ក្នុង​១ក្រុម។

ទឹក​ប្រាក់រង្វាន់​សម្រាប់​ព្រឹត្តិ​ការណ៍ UEFA Euro 2020 បាន​កើន​រហូត​ដល់២៤% ដោយក្រុម​ជើង​ឯក​រង នឹងទទួលបាន៧លានអឺ​រ៉ូ (ស្មើនឹង៨,៥លានដុល្លារអាមេរិក) ខណៈ​ក្រុម​ម្ចាស់​ជើង​​ឯក​នឹង​ទទួលបាន​ ១០លាន​អឺ​រ៉ូ (ស្មើនឹង​១២លាន​ដុល្លារ​អាមេរិក)​។

ក្រុម​ដែល​ចូលរួម​ប្រកួត​ទាំង​២៤ មកពីអឺ​រ៉ុប នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ស្មើ​ៗពី​កញ្ចប់​ថវិកា​សរុប​ចំនួន​ ៣៧១លាន​អឺ​រ៉ូ ដោយគ្រាន់​តែ​ឈ្នះ​សិទ្ធិ​ចូល​រួម​ប្រកួត​ក្នុងយុទ្ធនា​ការ Euro ឆ្នាំ​2020 ដែល​មាន​ន័យ​ថា ក្រុម​នីមួយៗ ដែល​ឈ្នះ​កៅអី ទទួល​បាន​ប្រាក់រង្វាន់ ៩,២៥ លានអឺ​រ៉ូ​ដូចគ្នា​។

ជាមួយ​គ្នា​នេះ ក្រុម​ដែល​ឈ្នះ​​រាល់​ការ​ប្រកួត​ទាំង​អស់ចាប់​ពី​វគ្គ​ចែកពូល ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ អាច​​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់​ទៅ​ ៣៤លាន​អឺ​រ៉ូ ដែលមាន​ន័យ​ថា ការ​ឈ្នះ​១ប្រកួត នឹង​ទទួលបានប្រាក់​១,៥លាន​អឺ​រ៉ូ និង ៧៥០.០០០ សម្រាប់ការ​ទទួល​បានលទ្ធផល​ស្មើ​៕

ការ​បែង​ចែក​ប្រាក់រង្វាន់​សម្រាប់​ព្រឹត្តិការណ៍ UEFA Euro 2020

វគ្គ ឬដំណាក់កាល ប្រាក់រង្វាន់
ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​យុទ្ធនាការនេះ €9.25 million (ក្រុម​ទាំង​24)
វគ្គ​ចែកពូល €1.5 million (ឈ្នះក្នុង​1ប្រកួត) និង €750,000 (លទ្ធផលស្មើ)
វគ្គ​16ក្រុម​ចុងក្រោយ €2 million (16ក្រុម)
វគ្គ​8ក្រុមចុងក្រោយ €3.25 million (8ក្រុម)
វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ €5 Million (4ក្រុម)
ក្រុម​ជើង​ឯក​រង €7 Million