បរទេស៖ អ្នកគាំទ្ររហូតដល់១៦៥០០នាក់ នឹងត្រូវអនុញ្ញាតឲ្យចូលរួមទស្សនាការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Porto នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កាលពីថ្ងៃអង្គារ ស្របពេលដែលសំបុត្រក៏ចាប់ផ្តើមបើកលក់ផងដែរ។
តួលេខនេះ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរព័រទុយហ្គាល់ គឺស្មើនឹង១/៣នៃសមត្ថភាពផ្ទុកអ្នកទស្សនាសរុបនាកីឡដ្ឋាន Estadio do Dragao ដែលបានក្លាយជាម្ចាស់ផ្ទះក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីពាក់កណ្តាលខែឧសភា ក្រោយពីទីក្រុង Istanbul បានបាត់បង់សិទ្ធិដោយសារតែការផ្ទុះការឆ្លងវីរុសកូវីដ ១៩។ UEFA បានបែងចែកសំបុត្រ៦០០០សន្លឹកស្មើគ្នា សម្រាប់អ្នកគាំទ្រក្លិប Chelsea និង Manchester City។
ស្របពេលជាមួយគ្នានេះ ក៏មានសំបុត្រសម្រាប់ភ្ញៀវពិសេស និងសម្រាប់សាធារណៈជនចំនួន១៧០០សន្លឹកផ្សេងទៀតផងដែរ ដោយផ្អែកទៅលើមូលដ្ឋាននៃការមកមុន បានមុន។ សំបុត្រនឹងមានតម្លៃចាប់ពី៧០ ទៅ៦០០អឺរ៉ូ (ស្មើនឹង៨៦-៧៣៥ដុល្លារអាមេរិក) ខណៈដែលសំបុត្រសម្រាប់ចូលទស្សនាការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Manchester United និង Villareal ក្នុងទីក្រុង Gdansk មានតម្លៃចាប់ពី៤០ ទៅ១៣០អឺរ៉ូ៕
ប្រភពព័ត៌មាន៖ Channel news Asia