បរទេស៖ លោក Antonio Conte គ្រូបង្វឹករបស់ក្លិប Inter Milan បានរំលាយកិច្ចសន្យារបស់លោករយៈពេល១ឆ្នាំមុនពេលកំណត់ ពោលគឺត្រឹមតែរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីបានដឹកនាំឲ្យពួកគេលើកពាន Serie A ជាលើកទី១របស់ពួកគេ ក្នុងរយៈពេល១១ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិប កាលពីថ្ងៃពុធ។
លោក Conte ដែលបានចូលរួមជាមួយនឹងក្លិប Inter កាលពីខែឧសភា ឆ្នាំ២០១៩ បានយល់ព្រមចាកចេញពីតំណែងរបស់លោក ក្រោយពីបណ្តាញសារព័ត៌មានអ៊ីតាលីបានចេញផ្សាយថា លោកបានខកចិត្តនឹងគម្រោងនានា ក្នុងការកាត់បន្ថយការបណ្តាក់ទុន និងកាត់បន្ថយការចំណាយនានា ដោយសារតែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុជុំវិញការឆ្លងរបស់វីរុសកូវីដ ១៩។ ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប FC Internazionale Milano អាចប្រកាសបានថា កិច្ចព្រមព្រៀងគ្នាមួយ ត្រូវបានឈានដល់ជាមួយនឹងលោក Antonio Conte ក្នុងការរំលាយកិច្ចសន្យារបស់លោក ដោយសារតែការយល់ព្រមទាំងសងខាង»។

FILE PHOTO: Soccer Football – Serie A – Juventus v Inter Milan – Allianz Stadium, Turin, Italy – May 15, 2021 Inter Milan coach Antonio Conte REUTERS/Massimo Pinca/File Photo
មហិច្ឆតារបស់គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ ក្នុងការធ្វើឲ្យក្លិបកាន់តែរីកចម្រើនជាងមុន បានក្លាយជាចំណុចផ្ទុយគ្នាស្រឡះទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប ខណៈដែល Inter សម្លឹងរកការកាត់ប្រាក់ខែពី១៥ ទៅ២០% (៨៥-១២១លានដុល្លារអាមេរិក) និងលក់កីឡាករចេញដើម្បីប្រមូលសាច់ប្រាក់ឲ្យបានពី៧០ ទៅ១០០លានអឺរ៉ូ នៅមុនពេលចាប់ផ្តើមរដូវកាលក្រោយ៕
ប្រភពព័ត៌មាន៖ Channel News Asia

