បរទេស៖ លោក Mino Raiola ដែលជាតំណងភ្នាក់ងារផ្ទាល់ខ្លួនកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះម្នាក់មានបំណងចង់អោយកូនក្រុមរបស់លោកគឺកីឡាករ Paul Pogba ផ្ទេរទៅចូលរួមជាមួយក្រុម Paris Saint-Germain នៅរដូវក្តៅខាងមុខនេះយោងគេហទំព័របារាំងLe Parisien បានចុះផ្សាយ។ខ្សែបម្រើកណ្តាលវ័យ ២៨ ឆ្នាំបានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមបិសាចក្រហម Manchester United អំឡុងយុទ្ធនាការរដូវកាល ២០២០-២០២១ ប៉ុន្តែទីបំផុតមិនអាចជួយក្រុមផ្តួល Villarreal ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League បានទេកាលពីយប់ថ្ងៃពុធនេះ។
សមាជិកជ័យលាភីPogba បានបញ្ចប់រដូវកាលនេះដោយរកបាន ៦ គ្រាប់និង Assist ៩ ដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតសរុប ៤២ ហើយឥលូវនឹងធ្វើជាតំណាងឱ្យប្រទេសបារាំងក្នុងការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ។ ស្របពេលអនាគតអតីតកីឡាករ Juventus នៅជួបនិងភាពស្រេពេចស្រពិលនៅឡើយ ខណៈដែលកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមលោក Solskjaer នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយហើយនោះ។
អធិរាជស Real Madrid និង អតីតក្លឹប Juventusជាក្រុមដែលសម្លឹងការចង់បានPogba។ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្តុដោយសារការរីករាលដាលនៃមេរោគកូវីត-១៩កន្លងទៅ បានធ្វើអោយក្លឹបទាំងពីរខកខាននិងមិនអាចសម្រេចចិត្តច្បាស់លាស់ក្នុងការដេញថ្លៃនិងចរចារនាំយករូបគេទៅរួមក្រុមពួកគេបាន៕
ប្រភពព័ត៍មាន៖ Sportsmole