ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ នឹងចាប់ផ្តើមបើកការប្រកួតរបស់ខ្លួននៅរាត្រីថ្ងៃសុក្រ ទី១១ ខែមិថុនានេះ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងធ្វើដំណើរទៅប្រកួតក្នុងនាមជាក្រុមម្ចាស់ការពារតំណែងជើងឯង។ មុននឹងការប្រកួតឈានមកដល់ Cambosport នឹងនាំយកប្រិយមិត្តអ្នកអានទាំងអស់ឲ្យស្គាល់កីឡាករដែលកំពុងស្ថិតក្នុងការចាប់អារម្មណ៍សម្រាប់ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពរយៈពេល៤ឆ្នាំម្តងមួយនេះ
១. Romelu Lukaku
បែលហ្ស៊ិក គឺជាក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក និងជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានធំជាលើកទី១របស់ពួកគេ ពោលគឺរយៈពេល៣ឆ្នាំ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុង World Cup នៅរុស្ស៊ី។ ក្តីសង្ឃឹមរបស់ពួកគេ អាស្រ័យទៅលើភាពរឹងមាំ និងទម្រង់លេងរបស់តារាឆ្នើម Kevin De Bruyne និង Eden Hazard ប៉ុន្តែ ពួកគេក៏ត្រូវការឲ្យ Lukaku រកគ្រាប់បាល់បញ្ចូលទីផងដែរ។ រូបគេគឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់បែលហ្ស៊ិក ក្រោយពីរកបាន៦០គ្រាប់ ក្នុងការបង្ហាញខ្លួន៩៣លើកឲ្យប្រទេសរបស់គេ ក្នុងនោះរាប់បញ្ចូលទាំងការរកបាន៤គ្រាប់ក្នុង World Cup ឆ្នាំ២០១៨ និង៧គ្រាប់ក្នុងការបង្ហាញខ្លួន៥លើក ក្នុងជម្រុះ Euro ផងដែរ។
២. Cristiano Ronaldo
Ronaldo មានវ័យ៣៦ឆ្នាំទៅហើយ ហេតុនេះ យុទ្ធនាការ Euro 2020 អាចជាការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេ ក្នុងកម្រិតអន្តរជាតិ។ ប៉ុន្តែ រូបគេនៅតែបង្ហាញពីទម្រង់លេងដ៏មុតស្រួចនៅរដូវកាលនេះ ដោយរូបគេរកបាន៣៦គ្រាប់ឲ្យក្លិប Juventus ហើយប្រធានក្រុមនៃក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ នឹងសម្លឹងរកការបំបែកកណត់ត្រាគ្រាប់បាល់អន្តរជាតិ ដែលកំពុងគ្រប់គ្រងដោយកីឡាករ Ali Daei របស់អ៊ីរ៉ង់ ក្រោយរូបគេរកបាន១០៩គ្រាប់ ខណៈ Ronaldo កំពុងតែដេញតាមពីក្រោយ៦គ្រាប់។
៣. Harry Kane
ការត្រៀមលក្ខខណៈរបស់ Kane សម្រាប់ Euro ត្រូវបានរំខានដោយសារតែភាពមិនច្បាស់ជុំវិញអនាគតរបស់គេ នៅក្លិប Spurs ក្រោយពីរូបគេបានបញ្ជាក់ថា វាគួរតែដល់ពេលហើយដែលរូបគេត្រូវចាកចេញពីក្លិបនេះ។ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុង World Cup ឆ្នាំ២០១៨ Kane បានបន្តស៊ុតបាល់បញ្ចូលទី១២ក្នុងការប្រកួតជម្រុះ Euro និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុង Premier League នៅរដូវកាលនេះ ក្រោយពីរកបាន២៣គ្រាប់។
៤. Robert Lewandowski
ស្ថិតក្នុងវ័យ៣២ឆ្នាំ Lewandowski កំពុងតែស្ថិតក្នុងទម្រង់លេងដ៏មុតស្រួចបំផុតរបស់គេ ខណៈដែលរូបគេទើបតែបានបំបែកកំណត់ត្រារបស់ Ger Mueller ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Bundesliga ក្រោយពីរកបាន៤១គ្រាប់ក្នុងការបង្ហាញខ្លួន២៩លើកសម្រាប់ Bayern Munich នៅរដូវកាលនេះ។ ក្រោយពីបានឈ្នះបាល់មាស Ballon d’Or កាលពីឆ្នាំមុន ឱកាសឈ្នះពានកិត្តិយសនៅឆ្នាំនេះ នឹងផ្អែកទៅលើទម្រង់លេងរបស់គេក្នុង Euro សម្រាប់ក្រុមជម្រើសជាតិប៉ូឡូញ។
៥. Gerard Moreno
អេស្ប៉ាញ មិនមានក្រុមដែលប្រជុំដោយតារាឆ្នើមៗដូចឆ្នាំមុនៗឡើយ ប៉ុន្តែ ពួកគេនៅតែមានកីឡាករពោរពេញដោយទេពកោសល្យ ហើយកីឡាករដែលមិនអាចមើលរំលងបានគឺ Moreno ខណៈដែលខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ ទើបតែរកបានគ្រាប់បាល់សរុប២៣គ្រាប់ក្នុង La Liga។ រូបគេក៏រកបាន៧គ្រាប់ផងដែរ ក្នុងយុទ្ធនាការ Europa League នៅរដូវកាលនេះ។
៦. Karim Benzema
ការវិលត្រឡប់របស់ Benzema ទៅកាន់ក្រុមបារាំងវិញ គឺជាព័ត៌មានដ៏រំភើប ខណៈដែលតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ បានបញ្ចប់ការអវត្តមានក្នុងក្រុមជម្រើសជាតិត្រឹមរយៈពេល៥ឆ្នាំកន្លះ។ រូបគេមិនធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិបារាំងសោះ បើគិតចាប់តាំងពីផ្ទុះរឿងអាស្រូវខ្សែអាត់វីដេអូស៊ិក ដែលពាក់ព័ន្ធកីឡាករក្នុងក្រុមជម្រើសជាតិគឺ Mathieu Valbuena កាលពីឆ្នាំ២០១៥។ លោកគ្រូបង្វឹក Didier Deschamps ឈប់ព្រងើយកន្តើយនឹងទម្រង់លេងរបស់ Benzema ទៀងហើយ ក្រោយពីរូបគេរកបាន៣០គ្រាប់ឲ្យ Real នៅរដូវកាលនេះ៕
ប្រភពព័ត៌មាន៖ AFP